វិស័យលក់អនឡាញបានក្លាយទៅជាវិស័យមួយដែលមានភាពពេញនិយមខ្លាំងពីសំណាក់អតិថិជននាពេលបច្ចុប្បន្នព្រោះវាងាយស្រួលក្នុងការទិញមិនពិបាកចំណាយពេលដើរផ្សាររាប់ម៉ោង គ្រាន់តែមានទូរស័ព្ទនៅក្នុងដៃអាចកុម្មង់បានយ៉ាងងាយស្រួល។ ស្របជាមួយភាពជឿនលឿន និងពេញនិយមនេះ ក៏មានអ្នកលក់ចំនួនច្រើនដែលកំពុងជួបវិបាត់ ផុសទៅស្ងាត់ ផុសទៅមិនមានអ្នកចាប់អារម្មណ៍ ដូច្នេះហើយថ្ងៃនេះអ្នកជំនាញ ដែលមានបទពិសោធលក់រាប់ឆ្នាំមកចែករំលែកទិចនិកលក់ជូនដល់បងប្អូនទាំងអស់គ្នា។
ជាមួយគ្នានេះដែរ ថ្ងៃនេះ Business Cambodia សូមលើកយកបុគ្គលឆ្នើមពីររូប ដើម្បីចែករំលែកបទពិសោធន៍លក់ដាច់ គ្រាន់ទុកជាអាវុធការពារខ្លួនពេលចេញរកស៊ីក្នុងដំណើរលើវិថីក្នុងវិស័យមួយនេះ ក្នុងនោះរួមមាន អ្នកស្រី ខៀវ រតនា ជាស្ថាបនិកហាងអនឡាញ Metro Retail ដែលជាម៉ាកយីហោហាងលក់សម្លៀកបំពាក់ ស្បែកជើង កាបូប ចំណែកឯមួយរូបទៀតគឺ អ្នកស្រី ហេង មួយលាង ជាម្ចាស់ប្រេន អិលសប ខេមបូឌា (LShop Cambodia)។
ខាងក្រោមនេះគឺជាក្បួនដែលអ្នកទាំងពីរធ្វើកន្លងមកហើយទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជនរបស់ខ្លួន៖
១. លក់ខ្លួនឯងជាមុនសិន
អ្នកស្រីបានចែករំលែកថា មុនចូលឡាយឬផុសរូបគឺត្រូវតែរៀបចំខ្លួនឱ្យបានស្អាតបំផុត ហើយបើមិនទាន់ស្អាតគឺមិនចេញក្រៅដាច់ខាត ភាពស្អាតមិនត្រឹមតែទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវនោះទេ តែវាជាទំនុកចិត្តយើងផ្ទាល់ខ្លួនដែរ ដូចជាការស្លៀកពាក់ ការ Make up ជាពិសេសនោះគឺ Background នៅក្នុងការឡាយគឺត្រូវតែមានភាពប្លែកជារៀងរាល់ថ្ងៃ។
២. ពេលវេលាទៀងទាត់
ត្រង់ចំណុចនេះ អ្នកស្រី រតនា ជឿថា ការកំណត់ពេលវេលាឡាយលក់គឺជារឿងសំខាន់មួយ ប៉ុន្តែការកំណត់នោះ ត្រូវតែជាការកំណត់ដែលមានពេលវេលាជាក់លាក់ច្បាស់លាស់ ព្រោះវាជាហេតុផលមួយដែលជួយឱ្យភ្ញៀវ មានភាពងាយស្រួលតាមដានការឡាយរបស់យើង ដែលមិនពិបាកក្នុងរាវរកចាំមើលម៉ោងណាយើងផ្សាយបន្តផ្ទាល់នោះទេ។
ត្រឡប់មកវិញ ប្រសិនបើអ្នកធ្លាប់លក់ម៉ោង៨យប់ ដូច្នេះអ្នកត្រូវបន្តទម្លាប់របស់អ្នកដដែលនេះបន្តទៀត ដើម្បីឱ្យភ្ញៀវងាយស្រួលក្នុងការទិញ ក៏ដូចជាភាពងាយស្រួលក្នុងការតាមដាន។
៣. Update ថ្មីរហូត
អ្នកស្រី ហេង មួយលាង បានលើកទឹកចិត្តដល់អ្នករកស៊ីអនឡាញដែលចង់រក្សាការលក់ដាច់ត្រូវបន្តស្វែងរកអ្វីដែលថ្មី សម្រាប់ការឡាយ និងការផុសរបស់ខ្លួន ដូចជាការស្វែងរកគំនិតលក់ផលិតផលប្រមូលសិនបែបថ្មី ការទិញថែមផ្សេងៗ ដែលនេះជាការទាក់ចិត្តរបស់អ្នកទស្សនាជាពិសេសនោះគឺ អតិថិជនដែលធ្លាប់ទិញផលិតផលកន្លងទៅ ព្រមទាំងអតិថិជនថ្មីៗផងដែរ។
៤. ការបំរើសេវាកម្មក្រោយពេលលក់ (Service After Sale)
ការលក់ដូរមិនមែនលក់ត្រឹមតែចង់បានត្រឹមតែលុយភ្ញៀវតែប៉ុណ្ណោះទេ ហើយក៏មិនមែនលក់ហើយក៏ស្ងាត់នោះដែរ ស្របគ្នានេះដែរ ស្រ្តីអ្នករកស៊ី អ្នកស្រី រតនា មានគំនិតមួយថា “ទោះបីជាភ្ញៀវទិញអីវ៉ាន់អនឡាញក៏ដោយ ក៏ហាក់បីដូចជាគាត់ទិញនៅក្នុងហាងផ្ទាល់អញ្ចឹងដែរ”។
ទន្ទឹមនឹងនេះអ្វីដែលអ្នកស្រីផ្តល់ឱ្យអតិថិជន គឺភ្ញៀវអាចលបាន ដូរបាន និងអាចប្តូរយកប្រាក់វិញក៏បាន ប្រសិនបើភ្ញៀវមិនពេញចិត្ត ហើយអ្វីដែលកាន់តែពិសេសនោះគឺ ការដោះដូរនេះអ្នកស្រីមិនឱ្យអតិថិជនរបស់ខ្លួនចេញលុយថ្លៃសេវាដឹកទេ គឺអ្នកស្រីរ៉ាប់រងជំនួសទាំងអស់មិនឱ្យភ្ញៀវពិបាកឡើយ ហើយថែមទាំងមិនខឹងថែមទៀត តែអ្នកស្រីមានតែសប្បាយចិត្តទៅវិញទេ ពេលអាចផ្តល់អ្វីដែលជាការពេញចិត្តទៅកាន់អាតិថិជនរបស់ខ្លួន។
អត្ថបទដោយ៖ នៅ ថាត់សណា