និស្សិតខ្មែរ ១រូប និងនិស្សិតអាស៊ាន ១៣រូបទៀត យកបានអាហារូបករណ៍ ១០០% ពីធនាគារ ស៊ីអាយអិមប៊ី សម្រាប់ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ ជុំវិញពិភពលោក
Sopheak PichOCTOBER 31 2023

រាជធានីភ្នំពេញ៖ កម្មវិធីអាហារូបករណ៍តំបន់អាស៊ាន របស់ធនាគារ ស៊ីអាយអិមប៊ី ឆ្នាំ២០២៣ បានប្រកាសប្រគល់អាហារូបករណ៍ ដល់និស្សិតខ្មែរឆ្នើមមួយរូប រួមទាំងនិស្សិត១៣រូបផ្សេងទៀត ដែលបានប្រកួតប្រជែងឈ្នះ ក្នុងចំណោមបេក្ខជនជិតមួយម៉ឺននាក់ មកពីបណ្តាប្រទេស ក្នុងតំបន់អាស៊ាន រួមមានប្រទេសកម្ពុជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ ហ្វីលីពីន និងវៀតណាម។​ តាមរយៈអាហារូបករណ៍ ១០០% លំដាប់អន្តរជាតិនេះ និស្សិតជ័យលាភីទាំងអស់ ទទួលបានការឧបត្ថម្ភ លើថ្លៃសិក្សាពេញលេញ និងថ្លៃចំណាយផ្សេងៗទាំងស្រុង រួមទាំងថ្លៃសំបុត្រយន្តហោះ និងធានារ៉ាប់រងសុខភាព សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រមួយចប់។ មិនតែប៉ុណ្ណោះ និស្សិតជ័យលាភីមកពីតំបន់អាស៊ានទាំង១៤រូប បានជ្រើសរើសសាកលវិទ្យាល័យល្បីឈ្មោះនានា ទាំងនៅក្នុងតំបន់ និងជុំវិញពិភពលោក រួមមានអូស្រ្តាលី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសជាដើម សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្ររបស់ខ្លួន។

Photo 2023 10 31 16 06 39ដោយទទួលបាននិទ្ទេសខ្ពស់លំដាប់ A ពីការប្រឡងមធ្យមសិក្សាទុតិយភូមិថ្មីៗនេះ យុវត្តី សុខ កែវតារាពេជ្រ ក្នុងនាមជានិស្សិតឆ្នើមខ្មែរតែម្នាក់គត់ ដែលទទួលបានអាហារូបករណ៍ពេញលេញថ្នាក់តំបន់នេះ បានឆ្លងកាត់ការជ្រើសរើស និងវាយតម្លៃយ៉ាងហ្មត់ចត់ ចំនួន៥ដំណាក់កាល ពីគណៈកម្មាធិការ និងគណៈគ្រប់គ្រង ទាំងក្នុងស្រុក និងថ្នាក់តំបន់ របស់ស៊ីអាយអិមប៊ី គ្រុប ដោយផ្អែកលើការធ្វើតេស្តអនឡាញ ការសម្ភាសពីរដំណាក់កាល និងការចុះកម្មសិក្សាបោះជំរុំជាដើម។ ស្របតាមចំណង់ចំណូលចិត្តរបស់ខ្លួន យុវត្តី តារាពេជ្រ បានជ្រើសរើសសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងអាជីវកម្ម នៅសាកលវិទ្យាល័យ ម៉ូណាស (Monash University) ប្រទេសអូស្រ្តាលី ដែលការចំណាយ លើអាហារូបករណ៍១០០%នេះ មានចំនួនសរុបប្រមាណជិត ១៦ម៉ឺនដុល្លារអាមរិក រាប់បញ្ចូលទាំងថ្លៃសិក្សា ការស្នាក់នៅ កំព្យូរទ័រ សំបុត្រយន្តហោះ សេវាធានារ៉ាប់រងអាយុជីវិត និងប័ណ្ណវីសានិស្សិតផងដែរ។

Photo 2023 10 31 16 06 58

ជាមួយនឹងក្តីសង្ឃឹមយ៉ាងពេញទំហឹង និងការតាំងចិត្តយ៉ាងមុតមាំ ក្នុងការឈានទៅសម្រេចគោលដៅជីវិតរបស់ខ្លួន ក្រោយទទួលបានអាហារូបករណ៍តំបន់អាស៊ាននេះ យុវត្តី តារាពេជ្រ បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ខ្ញុំពិតជារំភើបរីករាយណាស់ ដែលបានក្លាយជានិស្សិតជ័យលាភីមួយរូប នៃកម្មវិធីអាហារូបករណ៍ថ្នាក់តំបន់ ក្នុងឆ្នាំ២០២៣នេះ ក្នុងចំណោមនិស្សិតជ័យលាភីទាំងអស់ ដែលមកពីទូទាំងតំបន់អាស៊ាន។ នេះគឺជាកាដូដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ទាំងសម្រាប់ខ្លួនខ្ញុំផ្ទាល់ ក៏ដូចជាគ្រួសាររបស់ខ្ញុំ ដែលជាចំណុចរបត់នៃជីវិតដ៏សំខាន់ ក្នុងការប្រែក្លាយអនាគតរបស់ខ្ញុំកាន់តែភ្លឺស្វាង ហើយខ្ញុំបានត្រៀមខ្លួនយ៉ាងល្អប្រសើរ ក្នុងការក្រេបយកចំណេះដឹងថ្នាក់បរិញ្ញាបត្រនេះ ដើម្បីរួមចំណែកដល់ធនាគារ ស៊ីអាយអិមប៊ី ក៏ដូចជាសង្គមជាតិទាំងមូល ក្រោយបញ្ចប់ការសិក្សា ពីប្រទេសអូស្រ្តាលី។ ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណ ដល់ធនាគារ ស៊ីអាយអិមប៊ី ដែលបាននាំយកកម្មវិធីអាហារូបករណ៍ថ្នាក់តំបន់នេះ ដើម្បីផ្តល់ឱកាស ដល់សិស្សនិស្សិត ក្នុងប្រទេសកម្ពុជា»។

Photo 2023 10 31 16 06 34ក្រៅពីប្រវត្តិសិក្សាល្អពូកែ និស្សិតជ័យលាភីជនជាតិខ្មែររបស់យើង បានបង្ហាញចំណុចលេចធ្លោផ្ទាល់ខ្លួនមួយចំនួន នៅគ្រប់ដំណាក់កាល នៃការប្រកួតប្រជែង។ លោកស្រី អ៊ុំ ចិន្តាភក្តី នាយកធនធានសាជីវកម្ម របស់ធនាគារ ស៊ីអាយអិមប៊ី បានមានប្រសាសន៍ថា៖ «យុវត្តី តារាពេជ្រ គឺជាសិស្សឆ្នើមមួយរូប ដែលមានភាពចាស់ទុំ និងយល់ដឹងបានល្អ ពីជំនាញ ដែលគាត់ចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។ តាមរយៈការវាយតម្លៃ និងការសម្ភាស ទាំងក្នុងស្រុក និងថ្នាក់តំបន់ តារាពេជ្រ មានភាពរហ័សរហួន ក្នុងការរៀនសូត្រថ្មីៗ និងមានភាពបត់បែន និងការតាំងចិត្តខ្ពស់ ក្នុងការសម្រេចគោលដៅរបស់ខ្លួន ដែលសក្តិសមបំផុត ដើម្បីទទួលបានអារូបករណ៍នេះ។ ហើយខ្ញុំសូមជូនពរតារាពេជ្រ និងនិស្សិតជ័យលាភីទាំងអស់ ឲ្យទទួលបានជោគជ័យ លើការសិក្សា និងអាជីពការងារ ដើម្បីជាសសរទ្រូងជួយដល់សង្គមជាតិ នាពេលខាងមុខ។ ធនាគារ ស៊ីអាយអិមប៊ី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ស៊ីអាយអិមប៊ី គ្រុប នឹងបន្តផ្សព្វផ្សាយ និងសូមលើកទឹកចិត្ត ដល់សិស្សនិស្សិតខ្មែរទាំងអស់ ដាក់ពាក្យស្នើសុំ និងប្រកួតប្រជែង ក្នុងកម្មវិធីអាហារូបករណ៍ថ្នាក់តំបន់​ដ៏ពិសេសនេះ ជាមួយនិស្សិតអាស៊ានដទៃទៀត សម្រាប់ឆ្នាំបន្តបន្ទាប់។»

គួររំលឹកផងដែរថា កម្មវិធីអាហារូបករណ៍តំបន់អាស៊ាន របស់ធនាគារ ស៊ីអាយអិមប៊ី បានឈានមកដល់ឆ្នាំទី៨ហើយ គិតត្រឹមឆ្នាំ២០២៣។ កម្មវិធីអាហារូបករណ៍នេះ អនុញ្ញាតឲ្យដាក់ពាក្យស្នើសុំ ចំពោះតែសិស្សនិស្សិត ដែលបានបញ្ចប់ថ្នាក់ទី១២ ឬកំពុងសិក្សាឆ្នាំទីមួយ នៃថ្នាក់បរិញ្ញាបត្រ ហើយមានអាយុក្រោម ២៧ឆ្នាំ និងរស់នៅក្នុងតំបន់អាស៊ាន រួមមានប្រទេសកម្ពុជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន។ គិតមកដល់ពេលនេះ មាននិស្សិតជ័យលាភីខ្មែរ ចំនួន៣រូបមកហើយ ដែលប្រជែងឈ្នះអាហារូបករណ៍នេះ ដោយនិស្សិតមួយរូប បានបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យ McGil ប្រទេសកាណាដា ហើយកំពុងបម្រើការងារ នៅធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជាផងដែរ ខណៈដែលនិស្សិតមួយរូបទៀត កំពុងសិក្សា នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ប្រទេសកម្ពុជា។ ចំណែកឯនិស្សិតជ័យលាភីខ្មែរឆ្នាំនេះ បានជ្រើសរើសសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងអាជីវកម្ម នៅសាកលវិទ្យាល័យ ម៉ូណាស ប្រទេសអូស្រ្តាលី។ អត្ថប្រយោជន៍ដ៏សំខាន់មួយទៀត សម្រាប់និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ គឺឱកាសទទួលបានការងារ ក្រោយបញ្ចប់ការសិក្សា ក្នុងចំណោមប្រទេសទាំង១៥ ដែលមានសាខារបស់ស៊ីអាយអិមប៊ី គ្រុប។

 

អំពីធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី

ធនាគារ ស៊ីអាយអិមប៊ី​ ភីអិលស៊ី​ ជាផ្នែកមួយនៃស៊ីអាយអិមប៊ី គ្រុប ដែលបានចាប់ផ្តើមប្រតិបត្តិការ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១០ ដោយបានបើកសាខាពាណិជ្ជទី១ នៅចំកណ្តាលរាជធានីភ្នំពេញ។ បច្ចុប្បន្ន ធនាគារមានសាខាចំនួន ១៤កន្លែង នៅក្នុងខេត្តរាជធានីសំខាន់ៗទាំង៥ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ ជាមួយនឹងអតិថិជនទាំងបុគ្គលសរុបប្រមាណ ៣៥.០០០នាក់ ធនាគារ ស៊ីអាយអិមប៊ី មានផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញពាណិជ្ជកម្ម ព្រមទាំងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។

ស៊ីអាយអិមប៊ី គ្រុប គឺជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតទីពីររបស់ប្រទេសម៉ាឡេស៊ី និងជាធនាគារសាកលនាំមុខគេមួយក្នុងតំបន់អាស៊ាន។​ ធនាគារនេះមានផ្តល់ជូន​សេវា​កម្ម​ធនាគារពាណិជ្ជ ធនាគារវិនិយោគ ធនាគារឥស្លាម ក៏ដូចជាផលិតផល និងសេវាកម្ម​គ្រប់គ្រង​ទ្រព្យសកម្ម និងធានារ៉ាប់រង។​ មានទីស្នាក់ការកណ្តាលនៅក្រុងគូឡាឡាំពួ បច្ចុប្បន្ននេះ ស៊ីអាយអិមប៊ី គ្រុប មានវត្តមាន​នៅប្រទេសទាំង ១០ ក្នុង​ចំណោមប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន (ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា ឡាវ និងហ្វីលីពីន)។​ ក្រៅពីតំបន់អាស៊ាន ស៊ីអាយអិមប៊ី គ្រុប ក៏មានវត្តមាននៅប្រទេសចិន​ ហុងកុង ឥណ្ឌា ស្រីលង្កា កូរ៉េ សហរដ្ឋអាមេរិក ​និង​ចក្រភពអង់គ្លេស​។

ស៊ីអាយអិមប៊ី គ្រុប មានបណ្តាញសាខាធំជាងគេ នៅក្នុងតំបន់អាស៊ាន ជាមួយសាខាជាង ៦០១ កន្លែង គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២​។​​ ធនាគារវិនិយោគរបស់ស៊ីអាយអិមប៊ី គ្រុប ក៏ស្ថិតក្នុង​ចំណោមធនាគារវិនិយោគធំជាងគេបំផុត ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្តល់ការវិភាគ​ទៅលើផ្សារភាគហ៊ុន​របស់​ក្រុមហ៊ុនជាង ៦០០​ ក្រុមហ៊ុន នៅក្នុងតំបន់។​

ស៊ីអាយអិមប៊ី គ្រុប ដំណើរការអាជីវកម្មតាមរយៈអង្គភាពចម្បងបី គឺធនាគារ​ ស៊ីអាយអិមប៊ី​ (CIMB Bank) ធនាគារ​វិនិយោគ ស៊ីអាយអិមប៊ី (CIMB Investment Bank)​ និង ធនាគារ​ ស៊ីអាយអិមប៊ី ឥស្លាម (CIMB Islamic)។​ ស៊ីអាយអិមប៊ី គ្រុប មានភាគហ៊ុន ៩២,៥% នៅក្នុងធនាគារ ស៊ីអាយអិមប៊ី នៀហ្គា (Bank CIMB Niaga) នៅប្រទេសឥណ្ឌូនេស៊ី​ ​និង ៩៤,៨% នៅធនាគារ ស៊ីអាយអិមប៊ី ថៃ (CIMB Thai) នៅក្នុងប្រទេសថៃ។

ស៊ីអាយអិមប៊ី គ្រុប ត្រូវបានចុះបញ្ជីភាគហ៊ុននៅលើទីផ្សារមូលបត្រ ប៊ូរសា​ ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ីអាយអិមប៊ី គ្រុប ហូលឌីង ប៊ឺហាដ (CIMB Group Holding Berhad)។ ស៊ីអាយអិមប៊ី គ្រុប មានមូលធនទីផ្សារ នៅលើទីផ្សារមូលបត្រ ប្រហែលជា ៦១,៩ ពាន់លាន រីងហ្គីតម៉ាឡេស៊ី គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ​ឆ្នាំ២០២២។ ស៊ីអាយអិមប៊ី គ្រុប មានបុគ្គលិក​សរុបជាង ៣៣.០០០នាក់ និងមានអតិថិជនសរុបប្រមាណ ២២លាននាក់។ 

សម្រាប់ព័ត៌មានបន្ថែម​ សូមទំនាក់ទំនងមកកាន់

លោក ស្រេង ភារុណ

ប្រធាន​ ទីផ្សារ​ និងទំនាក់ទំនង

ទូរសព្ទ៖ +៨៥៥ (០) ៩២ ៩៥៧ ៤៥៥

ទូរសារ៖ +៨៥៥ (០) ២៣ ៩៨៨ ០៩៩

អ៊ីមែល៖ phearun.sreng@cimb.com.kh

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia