បច្ចុប្បន្នយើងមានកម្មវិធីបាគងនិងKHQR ដែលអនុញ្ញាតឲ្យពលរដ្ឋខ្មែរអាចធ្វើការវេរលុយឆ្លងធនាគារក្នុងស្រុកដោយមិនអស់ថ្លៃសេវាឬអស់សេវាតិចតួច ប៉ុន្ដែប្រហែលបងប្អូនយើងមួយចំនួនមិនទាន់ដឹងទេថានៅកម្ពុជាក៏មានសេវាអន្តរធនាគារដែលអនុញ្ញាតឲ្យអ្នកកាន់កាតATMតែមួយអាចដកលុយចេញពីទូATMធនាគារផ្សេងៗប្រមាណ៥៦ធនាគារបាន។
ប្រព័ន្ធខេមបូឌានស៊ែស្វីច( CSS) ដែលជាកម្មវិធីមួយអាចឲ្យអ្នកប្រើប្រាស់សេវាធនាគារនៅកម្ពុជាទូទាត់ឆ្លងគ្រឹះស្ថានតាមបណ្ណឥណពន្ធ CSS លើគ្រប់ម៉ាស៊ីនដកលុយ (ATM) និងម៉ាស៊ីនឆូតកាត (POS) របស់គ្រឹះស្ថានជាសមាជិក។
នៅក្នុងពិធីដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធខេមបូឌានស៊ែស្វីច( CSS) កាលពីខែកក្កដាឆ្នាំ២០២៣ លោក ជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា ប្រព័ន្ធCSSនេះ ជួយសម្រួលអ្នកប្រើប្រាស់សេវាធនាគារក្នុងការប្រតិបត្តិការទូទាត់សងប្រាក់ តាមរយៈប័ណ្ណទូទាត់របស់ធនាគារ ដែលអាចឱ្យអតិថិជនធ្វើប្រតិបត្តិការតាមប័ណ្ណទូទាត់ឥណពន្ធ CSS លើម៉ាស៊ីនATM ដូចជា ការដកសាច់ប្រាក់ ការពិនិត្យសមតុល្យ ការបោះពុម្ពរបាយការណ៍សង្ខេប ការប្រើប្រាស់សេវាទូទាត់ រហ័ស និងការប្ដូរលេខសម្ងាត់ជាដើម។
តាមពិតទៅប្រព័ន្ធ CSS គឺជាសេវាអន្តរធនាគារដែលអនុញ្ញាតឲ្យអ្នកកាន់កាតATMតែមួយអាចដកលុយចេញពីទូATMរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្សេងៗជាងប្រមាណ៥៦ដែលជាសមាជិកនៃប្រព័ន្ធCSSនេះ។
ឧទាហរណ៍ អ្នកកាន់កាត ATM ប្រភេទកាត CSS របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុLOLC អ្នកអាចទៅដកលុយនៅទូATM របស់ធនាគារ CIMB និងទូATM ធនាគារផ្សេងៗទៀតជាច្រើនដែលជាសមាជិករបស់ប្រព័ន្ធCSS។
លើសពីនេះ ប្រព័ន្ធCambodian Shared Switch( CSS)អាចធ្វើប្រតិបត្តិការឆ្លងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដូចជា ផ្ទេរប្រាក់ ពិនិត្យសមតុល្យគណនី បោះពុម្ពរបាយការណ៍សង្ខេប តាមរយៈម៉ាស៊ីនអេធីអឹម ឬ ម៉ាស៊ីនឆូតកាតប្រាសាក់ ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព។
យ៉ាងណាមិញដើម្បីងាយស្រួលក្នុងការដកប្រាក់ចេញទូATM របស់ធនាគារផ្សេងៗ៥៦គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដោយប្រើប្រាស់កាតATMតែមួយ អ្នកត្រូវស្នើសុំកាតATM ប្រភេទកាត CSS សម្រាប់ដកលុយហើយចំពោះទូATM ដែលអាចដកលុយឆ្លងធនាគារគឺត្រូវដកនៅទូATM ដែលដាក់ផ្លាក់” CSS” នៅតាមគ្រឹះស្ថានហិរញ្ញវត្ថុឬទីតាំងផ្សេងៗទៀត។
គួរបញ្ជាក់ផងដែរថាបើយោងតាមវេបសាយរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC បានឲ្យដឹងថាកាតATM ប្រភេទCSS សម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធខេមបូឌានស៊ែស្វីច( CSS)គឺមិនគិតថ្លៃសេវាប្រើប្រាស់ប្រចាំឆ្នាំឡើយ ហើយអ្នកអាចដកសាច់ប្រាក់ ទិញទំនិញ ពិនិត្យមើលសមតុល្យគណនី ប្ដូរលេខកូដសម្ងាត់ ស្នើសុំរបាយការណ៍គណនីសង្ខេប និងការផ្ទេរប្រាក់ក្នុងរង្វង់អិលអូអិលស៊ី/អន្តរធនាគារ នៅតាមម៉ាស៊ីន អេធីអឹម របស់សមាជិក ស៊ីអេសអេស ដែលមានជាង ៣,០០០ ម៉ាស៊ីន ទូទាំងប្រទេសដោយមិនគិតកម្រៃសេវា៕


