ទីបំផុត អគារអាយុ ៧៥ ឆ្នាំនៅកណ្ដាលរាជធានីភ្នំពេញត្រូវបានចាប់ផ្ដើមវាយរំលំហើយ
Bunthoeun KoemOCTOBER 14 20252.6 K views

អគារសហកម្មសិទ្ធ ដែលជាអតីតសណ្ឋាគារអង្គរមានជ័យ មានទីតាំងស្ថិតតាមបណ្តោយមហាវិថីព្រះមុន្នីវង្ស ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរចាប់ផ្ដើមធ្វើការងាររុះរើ វាយរំលំ ដើម្បីធានាសុវត្ថិភាពសម្រាប់អ្នកដំណើរ និងអ្នកជិតខាង បន្ទាប់ពីអគារមួយនេះមានសភាពចាសទ្រុឌទ្រោមខ្លាំង។

 

560038255 1220517493452778 7321757592966958178 N

 

តាមការចេញផ្សាយពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម យស់ ឆោមណារ៉ាឌី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលលើការងាររុះរើ វាយរំលំអគារទ្រុឌទ្រោម បានដឹកនាំក្រុមការងារចុះពិនិត្យលើការងាររុះរើអគារសណ្ឋាគារអង្គរមានជ័យនេះ។ ខណៈការចុះពិនិត្យនេះក៏មានការចូលរួមពី ឯកឧត្តមខៀវ បូរិន អនុរដ្ឋលេខាធិការ ជាអនុប្រធានក្រុមការងារ ឯកឧត្តម ឆាន់ សូរ្យផល អគ្គនាយកនៃអគ្គនាយកដ្ឋានសំណង់ និងស្ថាប័នពាក់ព័ន្ធផ្សេងៗក្នុងតំបន់ ដើម្បីវាយតម្លៃផែនការអនុវត្តន៍ការងាររុះរើអគារឲ្យប្រព្រឹត្តទៅតាមសុវត្ថិភាព និងស្តង់ដារបច្ចេកទេស។

 

563980696 1220517433452784 8576049183489019345 N

 

គួររំលឹកផងដែរថា កាលពីអំឡុងខែឧសភា ឆ្នាំ២០២៥ អាជ្ញាធរធ្វើការចុះហ៊ុំព័ទ្ធទីតាំងអគារចំណាស់នេះ បន្ទាប់ពីលទ្ធផលនៃការត្រួតពិនិត្យនិងវាយតម្លៃគុណភាពសំណង់ ការវិភាគលើគុណភាព និងសុវត្ដិភាពគ្រឿងផ្គុំសំណង់ និងលទ្ធផលនៃការពិសោធន៍លើសម្ភារសំណង់របស់មន្ទីរពិសោធន៍ជាតិសំណង់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានពិនិត្យឃើញថា សំណង់អគារមានសភាពចាស់ទ្រុឌទ្រោមខ្លាំង បាត់បង់តុល្យភាពលំនឹងនៃរចនាសម្ព័ន្ធគ្រៀងសំណង់ និងប្រឈមមុខនឹងការបាក់រលំជាយថាហេតុដោយមិនផ្ដល់សញ្ញាណជាមុន ដែលនឹងអាចនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្ដិរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួង។ 

 

អគារសហកម្មសិទ្ធ ដែលជាអតីតសណ្ឋាគារអង្គរមានជ័យលើនេះ ត្រូវបានសាងសង់ឡើងតាំងពីអំឡុងឆ្នាំ១៩៥០ មកម៉្លេះ ដោយគិតមកដល់បច្ចុប្បន្នសំណង់អគារមានអាយុ ៧៥ឆ្នាំមកហើយ។ ដោយក្នុងនោះមានក្រឡាផ្ទៃបាតទំហំ សរុប៥៩០ម៉ែត្រការ៉េ មានកម្ពស់៦ជាន់ និងមានបន្ទប់ចំនួន ១០៧បន្ទប់៕

 

499262117 1019360333660054 1724634535651991791 N

559981799 1220517500119444 2864158298880652103 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia