នៅព្រឹកថ្ងៃទី១០ ខែមីនា នេះតម្លៃប្រេងពិភពលោកបានធ្លាក់ចុះជិត ៧% ដោយប្រេងឆៅប្រភេទ Brent បច្ចុប្បន្នមានតម្លៃ ៩២,៤ ដុល្លារ ខណៈដែលប្រេងឆៅប្រភេទ WTI របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះមកត្រឹម ៨៨,៣ ដុល្លារ ខណៈដែលកាលពីថ្ងៃទី៩ តម្លៃប្រេងទាំងពីរប្រភេទនេះបានឡើងជិតដល់ ១២០ ដុល្លារក្នុងមួយបារ៉ែល ដែលវាជាលើកដំបូងចាប់តាំងពីដើមឆ្នាំ ២០២២។
តម្លៃប្រេងបានធ្លាក់ចុះភ្លាមៗយ៉ាងគំហុកបែបនេះគឺបន្ទាប់ពីលោក ត្រាំ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅរដ្ឋផ្លរីដានៅថ្ងៃទី៩ ថា «សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានសម្រេចគោលដៅរបស់ពួកគេហើយ សង្គ្រាមជាមួយអ៊ីរ៉ង់នឹងបញ្ចប់ក្នុងពេលឆាប់ៗ»។ ផ្នែកតាមកិច្ចសម្ភាសន៍ជាមួយ CBS News លោកក៏បានអះអាងផងដែរថា «ច្រកសមុទ្រហ័រមូសបានបើកឡើងវិញ ហើយកប៉ាល់កំពុងឆ្លងកាត់វា»។ ហើយក៏អះអាងទៀតថា «លោកកំពុងគិតពីការដណ្តើមយកច្រកសមុទ្រនេះ» មកកាន់កាប់ទៀតផង។
គួររំលឹកផងដែរថា កាលពីសប្តាហ៍មុន អ៊ីរ៉ង់បានប្រកាសបិទច្រកសមុទ្រហ័រមូស ដែលជាច្រកឆ្លងកាត់ប្រេងប្រហែល ២០% របស់ពិភពលោក និងបានវាយប្រហារកប៉ាល់ដឹកទំនិញប្រហែល ១០ គ្រឿងដែលកំពុងឆ្លងកាត់តំបន់នោះ ដែលបណ្តាលឱ្យតម្លៃប្រេងសកលកើនឡើងយ៉ាងខ្លាំង។ ហើយកាលពីថ្ងៃ អាទិត្យ អ៊ីរ៉ង បានគំរាមនឹងធ្វើឱ្យតម្លៃប្រេងសកលឡើងដល់ ២០០ដុល្លារក្នុងមួយបារ៉ែល។
ហើយបើទោះបីជាតម្លៃប្រេងនៅថ្ងៃទី១០ នេះមានការធ្លាក់ចុះ ប៉ុន្តែក្ដីបារម្ភនៅតែកើតមាន ដោយសារការលើកឡើងខាងលើរបស់លោក ត្រាំ គ្រាន់ជាការអះអាងតែម្ខាង ព្រោះបើតាមសារព័ត៌មាន NDTV ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ អ៊ីរ៉ងបានឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់លោក ត្រាំ វិញថា «សង្គ្រាមចប់ឬមិនចប់គឺស្ថិតលើពួកគេជាអ្នកកំណត់»។ ដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បន្ថែមថា «សមីការ និងស្ថានភាព នាពេលអនាគត នៃតំបន់នេះឥឡូវនេះ ស្ថិតនៅក្នុងដៃ របស់កងកម្លាំងប្រដាប់អាវុធរបស់យើង។ កងកម្លាំងអាមេរិកនឹង មិនបញ្ចប់សង្គ្រាមទេ»៕
ដោយឡែក ផ្នែកតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅមុននេះ លោក ត្រាំ បានកំពុងពិចារណាបន្ធូរបន្ថយទណ្ឌកម្មលើប្រេងរបស់រុស្ស៊ី ដើម្បីបន្ថយតម្លៃប្រេង។ ខណៈដែលស្ថានីយទូរទស្សន៍ CNBC បានរាយការណ៍ថា រដ្ឋមន្ត្រីថាមពល G7 (ដែលមានដូចជា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងជប៉ុន) ក៏បានជួបប្រជុំគ្នាតាមអ៊ីនធឺណិតនៅព្រឹកថ្ងៃនេះផងដែរ ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការបញ្ចេញប្រេងចេញពីទុនបម្រុងរបស់ពួកដើម្បីគាំទ្រដល់ការផ្គត់ផ្គង់ប្រេងសកល៕


