ព្យុះទី១៧ឈ្មោះ ជីប៊ី (Jebi) ជាមួយនិងព្យុះទី១៨ឈ្មោះ ក្រាតធន (Krathon) បានកើតនៅសមុទ្រចិនខាងត្បូង មានឥទ្ធិពលលើខ្យល់មូសុងនិរតី បក់លើសមុទ្រអានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ ខណៈសម្ពាធទាបនេះ គ្របដណ្តប់លើភាគកណ្តាលនៃអាងទន្លេមេគង្គនិងលើព្រះរាជាណាចក្រកម្ពុជា។
ដោយស្ថានភាពបែបនេះចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ នឹងធ្វើឱ្យតំបន់ក្នុងខេត្តមួយចំនួននៅកម្ពុជា មានភ្លៀងធ្លាក់ខ្លាំងលាយឡំផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។
ក្នុងនោះតំបន់វាលទំនាប ដែលមានដូចជានៅខេត្ត បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃ ដី៣៥%។
ចំពោះតំបន់ខ្ពង់រាប ដែលមានដូចជាខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រត់នគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមាន ភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២៥%។
សម្រាប់តំបន់មាត់សមុទ្រ ដែលមានដូចជាខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី១០% និងរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាននិងធ្វើការប្រុងប្រយ័ត្ន អំឡុងពេលធ្វើដំណើរនិងថែរក្សាសុខភាពនិងសុវត្ថិភាពផ្ទាល់ខ្លួន៕