អូ ស៊ី អាយ ស៊ី (OCIC) គឺជាក្រុមហ៊ុនអចលទ្រព្យធំជាងគេ និងឈានមុខគេក្នុងប្រទេសកម្ពុជា ដែលពេលថ្មីៗកន្លងទៅនេះ អូ ស៊ី អាយ ស៊ី បានទទួលនូវពានរង្វាន់កិត្តិយសជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យល្អជាងគេប្រចាំឆ្នាំ២០២៣(Best Developer 2023)និងគម្រោងដាយមិនបេ ហ្គាដិន(Diamond Bay Garden) ដែលអភិវឌ្ឍដោយ អូ ស៊ី អាយ ស៊ី ក៏ទទួលបាននូវពានរង្វាន់ចំនួនពីរផងដែរ គឺ(១) ពានរង្វាន់អភិវឌ្ឍខុនដូល្អជាងគេក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ២០២៣ (Best Condo Development 2023)និង(២) ពានរង្វាន់ខុនដូមានទេសភាពជាប់ដងទន្លេស្អាតជាងគេក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ២០២៣(Best Waterfront Condo 2023)។ជ័យលាភី ដែលក្រុមហ៊ុន អូស៊ីអាយស៊ីទទួលបានក្នុងឆ្នាំ ២០២៣នេះ ត្រូវបានរៀបចំឡើង និងផ្ដល់ជូនដោយ Property Guru មកពីប្រទេសសិង្ហបុរីដែលបានមើលឃើញនូវស្នាដៃភាពច្នៃប្រឌិតលទ្ធផល ក៏ដូចជា ការគាំទ្ររបស់អតិថិជន ដែលបង្ហាញឱ្យឃើញថាក្រុមហ៊ុនអូ ស៊ី អាយ ស៊ីបានរួមចំនែកលើការអភិវឌ្ឍនិងលើកស្ទួយវិស័យអចលនទ្រព្យនៅកម្ពុជាអស់ជាង ២៣ ឆ្នាំមកហើយ និងកំពុងបន្តបេសកកម្មក្នុងវិស័យអចលនទ្រព្យឱ្យកាន់តែមានភាពរីកចំរើនឡើង ប្រកបដោយចេរភាព។
ក្នុងដំណើរនៃការបន្តបេសកកម្មនេះគម្រោងខុនដូដាយមិនបេហ្គាដិន(Diamond Bay Garden) ដែលទទួលបានពានរង្វាន់ចំនួនពីរគឺជាគម្រោងខុនដូ ចុងក្រោយគេ ដែលត្រូវបានអភិវឌ្ឍឡើងស្ថិតនៅទីតាំង ដ៏មានសក្ដានុពល ស្ថិតនៅកណ្ដាលទីក្រុងកោះពេជ្រ ហ៊ុំព័ទ្ធដោយអគារពាណិជ្ជកម្ម និងអគារតូចធំជាច្រើនជាពិសេសនៅក្បែ ស្ពានឆ្លងទន្លេ ដែលតភ្ជាប់កោះពេជ្រ ទៅកាន់កោះនរា ដែលត្រៀមសម្ភោធដាក់ឱ្យប្រើប្រាស់នាដំណាច់ឆ្នាំ២០២៣។ ដាយមិនបេហ្គាដិនមានអគារសរុបចំនួន ៣ មានបន្ទប់សរុប ១,៥០០ យូនីត បំពាក់មកជាមួយគ្រឿងបរិក្ខាទំនើប មានសុវត្ថិភាព និងមានផាសុខភាព អមមកជាមួយទេសភាព ដ៏ត្រកាល នៃដងទន្លេទាំង ៤ និងអាចទស្សនាសម្រស់រាជធានីភ្នំពេញ បាន ៣៦០ ដឺក្រេ។ បច្ចុប្បន្ននេះ ដាយមិន បេ ហ្គាដិនបានប្រកាសដាក់លក់ហើយ ក្រោមការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនដែលគ្រោងនឹងសម្ភោធន៍ជាផ្លូវការ នាដំណាច់ឆ្នាំនេះផងដែរ។
នាឱកាសចូលរួមកម្មវិធីនោះ លោកTEA Theirry អនុប្រធាននៃក្រុមហ៊ុន អូស៊ីអាយស៊ីបានបង្ហាញចំណាប់អារម្មណ៍ថា “យើងខ្ញុំពិតជាមានសេចក្តីត្រេកអរដែលគណៈកម្មាធិការ សុទ្ធសឹងជាអ្នកជំនាញផ្នែកវិស័យអចលទ្រព្យបានធ្វើការកោតសរសើរទៅលើកិច្ចខិតខំប្រឹងប្រែង និងភាពឆ្នៃប្រឌិតដែលយើងខ្ញុំបានសំរិតសំរាំងក្នុងការអភិវឌ្ឍគម្រោង ដាយមិនបេ ហ្គាដិន ជាពិសេសេជ្រើសរើសទីតាំងដែលល្អឥតខ្ចោះជាមួយទេសភាពទន្លេដងទន្លេ។ អូ ស៊ី អាយ ស៊ី ពិតជាមានកិត្តិយសបំផុត ដែលបានឈ្នះពានរង្វាន់ដល់ទៅ ៣ ដែលជ័យលាភីនេះ ប្រៀបបានជាកេរតំណែលដ៏សំខាន់ និងអស្ចារ្យមួយ ស្ថិតក្រោមម្លប់របស់អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ស្ថាបនិក ក្រុមហ៊ុន អូ ស៊ី អាយ ស៊ី ដែលរូបលោកបានលះបង់សម្រាប់ការអភិវឌ្ឍប្រទេសជាតិជាពិសេសវិស័យអចលទ្រព្យជាងពីរសតវត្សចុងក្រោយមកនេះ”។
លោកបានបន្ថែមទៀតថា “ជាមួយការទទួលស្គាល់នូវភាពជោគជ័យមួយនេះពី Property Guru ខ្ញុំបាទសូមយកឱកាសដ៏មានតម្លៃនេះថ្លែងអំណរគុណដល់ដៃគូសហការណ៍ទាំងរដ្ឋនិងឯកជន អតិថិជនទាំងអស់ដែលនៅតែបន្តគាំទ្រ និងជឿជាក់មកលើក្រុមហ៊ុនក៏ដូចជាបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ដែលបានចូលរួមចំណែកក្នុងការកសាងក្រុមហ៊ុន រហូតមកដល់ចំណុចនេះ។ យើងមានជំនឿយ៉ាងមុតមាំថារាល់សកម្មភាព និងបេសកកម្មដែលក្រុមហ៊ុនបានកសាងមកគឺជាកត្តាជំរុញភាពរីកចម្រើនរបស់ប្រទេសកម្ពុជាហើយពានរង្វាន់ទាំងនេះ និងកាន់តែលើកទឹកចិត្តឱ្យ យើងខ្ញុំបន្តការអភិវឌ្ឍ ស្ថាបត្យកម្មសំណង់ នៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរទ្វេរដងទៅទៀត”។
គួរបញ្ជាក់ថាការឈ្នះពានរង្វាន់ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យល្អជាងគេប្រចាំឆ្នាំ២០២៣ (Best Developer 2023) នេះ គឺជាការបើកទំព័រថ្មីមួយទៀតដើម្បីជំរុញឱ្យក្រុមហ៊ុន អូ ស៊ី អាយ ស៊ី បន្តបំរើអតិថិជននៅក្នុងវិស័យអចលទ្រព្យ ប្រកបដោយភាពជឿជាក់ មានទំនុកចិត្តខ្ពស់ ពោពេញដោយភាពឆ្នៃប្រឌិតខ្ពស់ ក៏ដូចជាបន្តកសាងនិងស្ថាបនាប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើនឡើង។
សូមជម្រាបថា អូ ស៊ី អាយ ស៊ី គឺជាក្រុមហ៊ុនវិនិយោគឈានមុខគេនៅកម្ពុជាដែលវិនិយោគដោយវិនិយោគិននៃត្រកូលអភិជននៅក្នុងប្រទេសកម្ពុជា។ អូ ស៊ី អាយ ស៊ី មានវិស័យជាច្រើនដូចជា៖ ការគ្រប់គ្រងអចលនទ្រព្យការអភិវឌ្ឍន៍អចលនទ្រព្យវិស័យអប់រំ វិស័យសុខាភិបាល វិស័យបដិសណ្ឋារកិច្ចអាកាសយានដ្ឋានវិស័យសាងសង់ និងការផ្គត់ផ្គង់សម្ភារផ្សារទំនើប ប្រព័ន្ធផ្សព្វផ្សាយនិងមណ្ឌលកម្សាន្ត ។ គម្រោងធំៗដែល អូ ស៊ី អាយ ស៊ីបានអភិវឌ្ឍមានដូចជា៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ ទីក្រុងនរា ទីក្រុងរណបជ្រោយចង្វារ ទីក្រុងអូឡាំព្យា បុរីសាន់វ៉េ បុរីចំការមន បុរីបាសាក់ហ្គាដិន ខុនដូដាយមិនបេហ្គាដិន ជ្រោយចង្វារហ្គាដិន និងគម្រោងជាច្រើនទៀត-ល-៕