ក្នុងឱកាសនៃទិវាភពផែនដីឆ្នាំ២០២៤ ក្រុមហ៊ុនអូស៊ីអាយស៊ីបានបើកសម្ភោធជាផ្លូវការនៃគម្រោងគំនិតផ្តួចផ្តើមអូអេស៊ីសបៃតង។ គម្រោងគំនិតផ្តួចផ្តើមអូអេស៊ីសបៃតងមានគោលបំណងដាំដើមឈើ ១លានដើមក្នុងប្រទេសកម្ពុជាដែលធ្វើការផ្តោតសំខាន់ទៅលើតំបន់ទីប្រជុំជន។
ព្រះរាជាណាចក្រកម្ពុជាបាននឹងកំពុងដំណើរការនគរូបនីយកម្មប្រកបដោយស្ថិរភាពក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយនេះ។ ដូច្នេះគម្រោងគំនិតផ្តួចផ្តើមអូអេស៊ីសបៃតងមានគោលបំណងលើកកម្ពស់កំណើននិរន្តភាពសហគមន៍និងបង្កើនលទ្ធភាពនៃទីសាធារណៈពណ៌បៃតង។
ពិធីសម្ភោធជាផ្លូវការនៃគម្រោងគំនិតផ្តួចផ្តើមនេះបានធ្វើឡើងនៅទីក្រុងកោះពេជ្រដោយបើកការដ្ឋានសាងសង់សួនច្បារទំហំ ១ ហិកតា ដោយមានការប្រារព្ធពិធីដាំដើមឈើជាជំហានដំបូងនៃគម្រោងផ្តួចផ្តើមទាំងមូលផងដែរ។
ពិធីសម្ភោធនេះមានការចូលរួមពីសំណាក់សិស្សានុសិស្សអាយុពី ៧ឆ្នាំ ដល់ ១៧ឆ្នាំ ក៏ដូចជាអ្នកតំណាងមកពីដៃគូសហការគ្រប់ស្ថាប័នរួមមាន Happy Chandara, Toutes à l’école Luxembourg, ISI Group, PSE (Pour un Sourire d’Enfant), People in Need, The Canadian International School of Phnom Penh, Ecole Française Internationale, KMH Foundation, Archetype Group, LBL Construction និង Bureau Veritas ដោយអ្នកចូលរួមមានចំនួនលើសពី១០០នាក់។
លើសពីស្ថាប័នដែលបានលើកឡើងខាងលើ ពិធីដាំដើមឈើនៃគម្រោងគំនិតផ្តួចផ្តើមអូអេស៊ីសបៃតងក៏មានការចូលរួមពីអង្គភាពនានាដែលរួមមាន Eurocham, Camtech University, AIESEC, JKAD, Women Shaping Cambodia, Connexion, Grow4Growth, Coconut Park, Compas, Cambodia Investment Review, The Mall Company និង l’Irresistible ផងដែរ។
លោក Thierry Tea, អនុប្រធានក្រុមហ៊ុនអូស៊ីអាយស៊ីបានលើកឡើងនូវចំណាប់អារម្មណ៍ថា “យើងបានមើលឃើញពីភាពចាំបាច់ក៏ដូចជាអត្ថប្រយោជន៍នៃគម្រោងគំនិតផ្តួចផ្តើមអូអេស៊ីសបៃតងនេះ ដោយព្រោះរាល់កូនឈើដែលយើងបានដាំក្នុងថ្ងៃនេះនឹងលូតលាស់នៅរយៈពេល២០-៣០ឆ្នាំសម្រាប់អ្នកជំនាន់ក្រោយរបស់យើង។ ស្របពេលនឹងការវិវត្តន៍ទៅមុខមិនឈប់ឈរនៃសង្គម យើងចាំបាច់ត្រូវចូលរួមក្នុងការជម្រុញឱ្យមាននិរន្តភាពសហគមន៍ក្នុងតំបន់ទីប្រជុំជននៃទីក្រុងក៏ដូចជាតំបន់ជនបទផងដែរ។ យើងមានក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលមានការចូលរួមពីសំណាក់សិស្សានុសិស្ស មាតាបិតាសិស្ស និងដៃគូគាំទ្រទាំងអស់ក្នុងថ្ងៃនេះ ហើយប្រាកដណាស់យើងនឹងបន្តពង្រីកគំនិតផ្តួចផ្តើមនេះទៅថ្ងៃអនាគតឱ្យមានការចូលរួមកាន់តែច្រើន។ យើងធ្វើឡើងដើម្បីក្មេងៗនិងកូនៗរបស់យើងដោយក្តីរីករាយ។”
កញ្ញា ឃុន សុមាវត្តី ជានិស្សិតមកពី Toutes à l'école Luxembourg បានលើកឡើងថា "លំហបៃតងមានសារៈសំខាន់ណាស់សម្រាប់យុវជនកម្ពុជាដោយព្រោះលំហនេះផ្តល់កន្លែងដើម្បីសិក្សានិងបំផុសគំនិតដោយធម្មជាតិ ក៏ដូចជាធានាឱ្យបាននូវកេរដំណែលនិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយ"។ "តោះយើងរួមគ្នាដើម្បីអភិវឌ្ឍន៍លំហសហគមន៍ប្រកបដោយនិរន្តរភាព។"
ជាមួយនឹងការកសាងបន្ថែមជាច្រើននៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របតាមចក្ខុវិស័យរបស់អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ទីក្រុងកោះពេជ្រឥឡូវនេះមានដើមឈើជាង ២,០០០ដើម នៅតាមផ្លូវដើរតាមដងទន្លេ និងឧទ្យានជាច្រើនដូចជា Coconut Park ,Treellion Park ការិយាល័យ Aquation និង សួនច្បារ Elysee Garden ជាដើម។
ជម្រកបៃតងថ្មីនៅតំបន់ពាណិជ្ជកម្មកណ្តាលទីក្រុងកោះពេជ្រស្របតាមគោលដៅនៃការផ្តល់ភាពបៃតងបន្ថែមទៀតសម្រាប់ អ្នករស់នៅ ក្រុមគ្រួសារ អ្នកមកទស្សនាទីក្រុងកោះពេជ្រ និងបុគ្គលិកការិយាល័យនៅទីនេះផងដែរ។ បន្ថែមពីលើនេះ គំនិតផ្តួចផ្តើមពីវិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាល បានជួយគាំទ្រនិងជម្រុញគោលដៅរបស់ក្រសួងបរិស្ថានក្នុងការដាំដើមឈើឱ្យបាន១លានដើមក្នុងមួយឆ្នាំ។
នៅឆ្នាំ ២០២៣ ក្រុមហ៊ុនអូស៊ីអាយស៊ី បានវិនិយោគលើគំនិតផ្តួចផ្តើមលើការជួយសង្គ្រោះដើមឈើមួយចំនួនពីសួន Odom ដែលកូនដើមឈើទាំងនោះជាផ្នែកមួយនៃកម្មវិធីដាំដើមឈើរបស់ក្រុមហ៊ុន អូស៊ីអាយស៊ី ហើយនឹងត្រូវដាក់ដាំនៅសួនកោះពេជ្រថ្មីផងដែរ។
បន្ថែមជាមួយនឹងការអភិវឌ្ឍថ្មីមួយទៀតនៃការវិនិយោគនោះគឺ Connexion ដែលជាមជ្ឈមណ្ឌលសហគមន៍ដែលទើបសាងសង់ថ្មីដែលត្រូវបានរចនាឡើងបែបចំហជាមួយនឹងបរិស្ថានជុំវិញទៅដោយរុក្ខជាតិបៃតង។ មជ្ឈមណ្ឌលបៃតងនេះនឹងកាត់បន្ថយបរិមាណដានកាបូន និងដើរតួនាទីជាមជ្ឈមណ្ឌលច្នៃប្រឌិត ដែលមានកម្មវត្ថុចង់ក្លាយជាមជ្ឈមណ្ឌលសម្រាប់ការបង្កើតថ្មី និងនិរន្តរភាព។
ទីធ្លាបៃតង និងដើមឈើដើរតួនាទីយ៉ាងសំខាន់សម្រាប់និរន្តរភាពសហគមន៍តំបន់ទីក្រុង។ ដើមឈើផ្តល់ម្លប់ កាត់បន្ថយការប្រើប្រាស់ថាមពល និងបង្កើតកន្លែងកម្សាន្តសម្រាប់អ្នករស់នៅ។ លើសពីនេះដើមឈើគាំទ្រជីវចម្រុះ និងរួមចំណែកដល់បរិស្ថានទីក្រុងឱ្យមានសុខភាពល្អដែលផ្តល់ជាផលវិជ្ជមានសម្រាប់ការរស់នៅ។
តាមរយៈការផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ និងការថែរក្សាលំហបៃតង គម្រោងគំនិតផ្តួចផ្តើមអូអេស៊ីសបៃតង មានគោលបំណងលើកកម្ពស់គុណភាពនៃជីវិតនៅក្នុងតំបន់ទីក្រុង។
អំពីក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC Group)
ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC Group) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនកាណឌ៊ីយ៉ា គ្រុប (Canadia Integrated Group)និងជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យចម្រុះដែលឈានមុខគេនៅប្រទេសកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ និងបងើ្កតការកសាងក្នុងការអភិវឌ្ឍសង្គម និងសាធារណៈ។ ក្នុងនាមជាក្រុមហ៊ុនវិនិយោគដែលឈានមុខគេមួយនៅក្នុងប្រទេស យើងសហការជាមួយដៃគូអាជីវកម្មជាសកលដោយរួមបញ្ចូលគ្នានូវការយល់ដឹងក្នុងស្រុកជាមួយនឹងការប្តេជ្ញាចិត្តឆ្ពោះទៅស្តង់ដារពិភពលោក។
ក្រុមហ៊ុនអូស៊ីអាយស៊ី ផ្តោតទៅលើការអភិវឌ្ឍវិស័យជាច្រើនដូចជា វិស័យអចលនទ្រព្យ វិស័យអប់រំ វិស័យសុខាភិបាល ការសាងសង់អាកាសយានដ្ឋាន សំណង់អគារពាណិជ្ជកម្ម ប្រព័ន្ធផ្សព្វផ្សាយ និងការកំសាន្តផ្សេងៗ។ ការអភិវឌ្ឍដែលជាគោលសំខាន់ៗរបស់ក្រុមហ៊ុន អូស៊ីអាយស៊ី មានដូចជា អាកាសយានដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ ទីក្រុងកោះនរា ទីក្រុងរណបជ្រោយចង្វារ និងទីក្រុងអូឡាំព្យាជាដើម ។ ដោយប្រកាន់ខ្ជាប់តម្លៃនៃការច្នៃប្រឌិត ភាពជាសហគ្រិន ទំនួលខុសត្រូវសង្គម ទំនុកចិត្ត ការគោរព និងសុចរិតភាព ក្រុមហ៊ុន អូស៊ីអាយស៊ី មិនត្រឹមតែបេ្តជ្ញារួមចំណែកជំរុញលើផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏មានបន្តការពង្រឹងចំណេះដឹង និងវប្បធម៌របស់ប្រទេសកម្ពុជានៅគ្រប់កិច្ចសហការ និងគម្រោងដែលយើងអនុវត្ត។ សម្រាប់ព័ត៌មានបន្ថែម និងសកម្មភាពនៃកម្មវិធីផ្សេងៗរបស់ក្រុមហ៊ុន OCIC សូមចូលទៅកាន់គេហទំព័រ៖ https://www.ocic.com.kh ឬចូលទៅកាន់ Facebook, LinkedIn និង Instagram ។
ផ្សព្វផ្សាយដោយ៖ ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា
វេបសាយ៖ https://www.ocic.com.kh
ទំនាក់ទំនងសម្រាប់សារព័ត៌មាន៖
លោក Jeriko Enriquez / អ្នកនាង Sim Somaly