អូស៊ីអាយស៊ី រៀបចំកិច្ចពិភាក្សាតុមូលជាមួយក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន ដោយនាំយកថ្នាក់ដឹកនាំធុរកិច្ចមកពីប្រទេសកាណាដា និងតំបន់មេគង្គមកជួបជុំគ្នានៅអគារ Connexion កោះពេជ្រ
Sreymom Cha•NOVEMBER 17 2026•

ភ្នំពេញ ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៦


ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានរៀបចំកម្មវិធីពិភាក្សាតុមូលផ្នែកពាណិជ្ជកម្មរវាងកាណាដា និងតំបន់មេគង្គ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅ Innovation Lab ក្នុងអគារ Connexion កោះពេជ្រ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាពាណិជ្ជកម្មកាណាដា-អាស៊ាន (CABC) ស្របពេលជាមួយនឹងកិច្ចប្រជុំកំពូល Francophonie លើកទី ២០ ដោយមានការថ្លែងសុន្ទរកថាពីសំណាក់ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃរាជរដ្ឋាភិបាលកម្ពុជា និងលោកស្រី Anita Anand រដ្ឋមន្ត្រីក្រសួងការបរទេសកាណាដា និងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី (La Francophonie)។

Photo 2026 11 17 15 54 00


ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC បានចូលរួមក្នុងកិច្ចពិភាក្សាតុមូលនេះ ដោយបានចែករំលែកទស្សនៈរបស់លោកស្រីអំពីទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា ព្រមទាំងឱកាសនានាសម្រាប់ក្រុមហ៊ុនកាណាដានៅក្នុងតំបន់មេគង្គ។


ប្រែក្លាយទំនាក់ទំនងរវាងកាណាដា និងតំបន់មេគង្គ ទៅជាឱកាសធុរកិច្ច


ក្រោមប្រធានបទ «ការបើកឱកាសនៅក្នុងតំបន់មេគង្គ» និង «កាណាដាក្នុងនាមជាដៃគូដ៏គួរឱ្យទុកចិត្តសម្រាប់ការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងនវានុវត្តន៍» កិច្ចពិភាក្សានេះបានផ្តោតលើអ្វីដែលក្រុមហ៊ុនកាណាដាត្រូវធ្វើ ដើម្បីចូលខ្លួនមកក្នុងតំបន់នេះ និងពង្រីកអាជីវកម្មរបស់ខ្លួន ដែលរួមមាន៖ ការស្វែងរកដៃគូក្នុងស្រុកដែលអាចទុកចិត្តបាន ការយល់ដឹងអំពីស្ថានភាពទីផ្សារ និងការកសាងទំនាក់ទំនងក្នុងតំបន់ឱ្យកាន់តែរឹងមាំ។

Photo 2026 11 17 15 53 54


អ្នកចូលរួមបានពិភាក្សាអំពីគម្រោងសក្តានុពលនានាក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល កសិ-ចំណីអាហារ (agri-food) ផលិតកម្ម និងបច្ចេកវិទ្យា ព្រមទាំងបានលើកឡើងអំពីបទពិសោធន៍របស់កាណាដាក្នុងវិស័យបច្ចេកវិទ្យាឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព។ ពួកគេក៏បានពិចារណាផងដែរថា តើការបញ្ចប់ការចរចាជាសំខាន់ៗសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាណាដា-អាស៊ាន  (Canada-ASEAN Free Trade Agreement) អាចជួយពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ និងបង្កើតឱកាសថ្មីៗសម្រាប់ក្រុមហ៊ុននៃភាគីទាំងពីរបានយ៉ាងដូចម្តេច។

Photo 2026 11 17 15 53 48


ក្រោមការសម្របសម្រួលដោយលោក Vincent Joli-Coeur ប្រធានផ្នែកអាស៊ីប៉ាស៊ីហ្វិកនៃធនាគារជាតិកាណាដា (National Bank of Canada) វេទិកានេះបានប្រមូលផ្តុំតំណាងមកពីក្រុមហ៊ុន OCIC, ធនាគារ ABA, ក្រុមហ៊ុន Manulife, Fasken និងក្រសួងពាណិជ្ជកម្មកម្ពុជា។ ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន អនុប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន OCIC បានថ្លែងមតិក្នុងនាមជាអ្នកដឹកនាំធុរកិច្ចកម្ពុជាមួយរូប ដែលមានទំនាក់ទំនងយូរអង្វែងជាមួយប្រទេសកាណាដា។


ទំនាក់ទំនងរបស់ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប (Canadia Group) ជាមួយប្រទេសកាណាដា មានប្រវត្តិដើមទាក់ទងជាមួយនឹងស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល គឺលោកអ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ ដែលបានចាប់ផ្តើមអាជីវកម្មរបស់លោកនៅទីក្រុងម៉ុងរ៉េអាល់ (Montreal) មុនពេលវិលត្រឡប់មកកម្ពុជាវិញ និងបង្កើតក្រុមហ៊ុនមាស & ឥណទាន កាណាឌីយ៉ានៅឆ្នាំ ១៩៩១។ ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន ក៏បានរស់នៅ សិក្សារៀនសូត្រ និងបម្រើការងារក្នុងវិស័យវេជ្ជសាស្ត្រនៅប្រទេសកាណាដាផងដែរ មុនពេលវិលត្រឡប់មកកម្ពុជាដើម្បីចូលរួមក្នុងអាជីវកម្មគ្រួសារ។ 


ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន បានមានប្រសាសន៍ថា៖ «ប្រទេសកាណាដាគឺជាផ្នែកមួយនៃប្រវត្តិរបស់យើង ប៉ុន្តែការពិភាក្សានេះគឺផ្តោតលើអ្វីដែលនឹងកើតឡើងបន្តទៀត។ ក្រុមហ៊ុនកាណាដាមានជំនាញ និងបទពិសោធន៍ដែលអាចជួយគាំទ្រដល់កំណើនរបស់កម្ពុជា ហើយ OCIC អាចជួយពួកគេឱ្យយល់កាន់តែច្បាស់អំពីទីផ្សារ ស្វែងរកដៃគូក្នុងស្រុកដែលសមស្រប និងអភិវឌ្ឍគម្រោងនានានៅទីនេះ»។


លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC ក៏បានណែនាំអំពីតួនាទីរបស់ «Connexion» ក្នុងនាមជាមជ្ឈមណ្ឌលធុរកិច្ច និងនវានុវត្តន៍ ដែលគាំទ្រដល់សហគ្រាសធុរកិច្ចថ្មី (startups) និងកិច្ចសហការផ្នែកធុរកិច្ចនៅក្នុងប្រទេសកម្ពុជាផងដែរ។


ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយ CABC ដោយសហការជាមួយសភាពាណិជ្ជកម្មកាណាដានៅកម្ពុជា (Canadian Chamber of Commerce in Cambodia) ព្រមទាំងទទួលបានការគាំទ្រពី OCIC និងធនាគារ ABA ហើយកម្មវិធីបានបញ្ចប់ទៅដោយពិធីជួបជុំដើម្បីពង្រីកបណ្តាញទំនាក់ទំនង (networking reception)។

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia