ឧកញ៉ា វេជ្ជបណ្ឌិត ពុង ការ៉ូលីន ពង្រឹងការប្តេជ្ញាចិត្តចំពោះយុវជនកម្ពុជា ជាមួយនឹងភាពជាដៃគូថ្មីរបស់អង្គការយូនីសេហ្វ
Bunthoeun KoemAUGUST 26 202633 views

នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយអង្គការយូនីសេហ្វកម្ពុជា (UNICEF) កាលពីថ្ងៃទី ២៤ ខែសីហា ឧកញ៉ា វេជ្ជបណ្ឌិត ពុង ការ៉ូលីន អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន កាណាឌីយ៉ា គ្រុប និងក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានថ្លែងអំពីការងារជាមួយកុមារ និងយុវជនកម្ពុជា។ គួរឲ្យកត់សម្គាល់ផងដែរថានេះគឺជាការចុះហត្ថលេខាក្នុងភាពជាដៃគូលើកដំបូងរបស់អង្គការយូនីសេហ្វកម្ពុជាជាមួយក្រុមហ៊ុនវិស័យឯកជនផងដែរ។

 

អនុស្សរណៈនៃការយោគយល់គ្នានេះ បង្កើតឡើងដោយផ្អែកលើកិច្ចសហប្រតិបត្តិការដែលបានដំណើរការរួចហើយ។ អស់រយៈពេលជាងមួយឆ្នាំមកនេះ ក្រុមហ៊ុន OCIC បានគាំទ្រកម្មវិធី «ជំនាន់ថ្មី​» (Generation Future) របស់អង្គការ UNICEF និងបានរៀបចំកម្មវិធី Hackathon ស្តីពីនវានុវត្តន៍នៅ អគារ ខនិកសិន (Connexion) ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យារបស់ខ្លួននៅកោះពេជ្រ។

 

Photo 2026 08 26 16 44 47

 

តាមរយៈកម្មវិធីនេះ លោក ទា ធារី អនុប្រធានក្រុមហ៊ុន OCIC បានផ្តល់ការណែនាំដល់យុវជនកម្ពុជា រួមមានសមាជិកនៃ «Green Miracle» ដែលជាគំនិតផ្តួចផ្តើមដឹកនាំដោយយុវជន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ប្លាស្ទិក និងការកែច្នៃឡើងវិញ ដើម្បីបរិស្ថានកាន់តែប្រសើរឡើងនៅក្នុងប្រទេសកម្ពុជា​។

 

នេះគឺជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមជាច្រើន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ OCIC បានធ្វើការជាមួយអង្គការមិនមែនរដ្ឋាភិបាល (NGO) ដូចជា «​​Toutes à l'École» «World Vision» «Empowering Youth Cambodia» មន្ទីរពេទ្យគន្ធបុប្ផា និងសាលារៀន ទន្សាយ ដែលគាំទ្រដល់កុមារដែរមានពិការភាព។

 

ការណែនាំគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ ការអប់រំក៏ជាចំណុចកណ្តាលផងដែរ តាមរយៈសាលាអន្តរជាតិកាណាដា ភ្នំពេញ, École Française Internationale (EFI), Université Francophone d'Asie (UFA) និងសាកលវិទ្យាល័យខេមតិច (CamTech) ដែរបច្ចុប្បន្នស្ថាប័នអប់រំទាំងនេះ មានសិស្សជិត ៤០០០ នាក់ក្នុងមួយឆ្នាំ។

 

Photo 2026 08 26 16 44 59

 

ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន បានមានប្រសាសន៍ថា៖ «អស់រយៈពេលជាច្រើនឆ្នាំមកហើយ ឪពុកខ្ញុំបានគាំទ្រសាលារៀនក្នុងស្រុកនៅភ្នំពេញ និងខេត្តមួយចំនួន ដោយផ្តល់អាហារូបករណ៍ ថវិកា សម្ភារៈសិក្សា និងជំនួយផ្សេងៗទៀតដល់សិស្សានុសិស្ស និងគ្រូបង្រៀន»

 

ក្រោមការដឹកនាំរបស់លោកអ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនកាណាឌីយ៉ាគ្រុប និងក្រុមហ៊ុន OCIC ដែលលោកក៏ជាប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាផងដែរនោះ លោកបានផ្តល់ឱកាសដល់និស្សិតជាច្រើនបានទទួលអាហារូបករណ៍ដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យ CamTech ដោយមានការគាំទ្រពីលោកអ្នកឧកញ៉ា និងសមាជិកដទៃទៀតនៃសមាគមសម្ព័ន្ធ។

 

«កុមារគ្រប់រូបសមនឹងទទួលបានច្រើនជាងឱកាសក្នុងការសុបិន។ កុមារគ្រប់រូបសមនឹងទទួលបានឱកាសដើម្បីប្រែក្លាយក្តីសុបិន្តនោះទៅជាអនាគត» ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន បានលើកឡើង។

 

កិច្ចព្រមព្រៀងនេះគ្របដណ្តប់លើសិទ្ធិកុមារ ការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ គោលនយោបាយការងារដែលគាំទ្រគ្រួសារ និងសេវាកម្មទ្រទ្រង់នឹងអាកាសធាតុសម្រាប់កុមារ ដែលពង្រីកការចូលរួមរបស់ក្រុមហ៊ុន OCIC ជាមួយយុវជនជំនាន់ក្រោយរបស់កម្ពុជាទៅជាក្របខ័ណ្ឌផ្លូវការ និងរយៈពេលវែងជាមួយអង្គការ UNICEF៕ 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia