ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និងក្រុមហ៊ុន TUI Hotels & Resorts របស់អាល្លឺម៉ង់ បើកដំណើរការសណ្ឋាគារ TUI SUNEO ដំបូងគេនៅកម្ពុជា
Sreymom Cha•OCTOBER 5 2026•

ភ្នំពេញ កម្ពុជា - ក្រុមហ៊ុន សណ្ឋាគារ តារា (Dara Hotels Group) ដែលជាផ្នែកមួយនៃ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និងក្រុមហ៊ុន TUI Hotels & Resorts របស់អាល្លឺម៉ង់ បានសម្ពោធជាផ្លូវការនូវសណ្ឋាគារ ធួយ សូណេអូ អូឡាំព្យា ភ្នំពេញ (TUI SUNEO Olympia Phnom Penh) នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដែលជាការបើកដំណើរការសណ្ឋាគារ TUI SUNEO ដំបូងគេនៅក្នុងប្រទេសកម្ពុជា។

Photo 2026 10 05 14 08 27


ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី Silke Röfer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ព្រមទាំងឧកញ៉ា វេជ្ជបណ្ឌិត ពុង ការ៉ូលីន អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC។ ការបើកដំណើរការនេះគឺជាការចាប់ផ្តើមជំពូកថ្មីមួយសម្រាប់សណ្ឋាគារនេះ ដែលពីមុនត្រូវបានគេស្គាល់ថាជាសណ្ឋាគារ Olympia City Hotel by Dara។

Photo 2026 10 05 14 08 16


សណ្ឋាគារដែលមានបន្ទប់ស្នាក់នៅចំនួន ១៦៨ នេះ មានទីតាំងស្ថិតនៅជិតពហុកីឡដ្ឋានជាតិអូឡាំពិក ហើយគឺជាសាខាទីបួនរបស់ TUI SUNEO នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ សណ្ឋាគារនេះដំណើរការក្រោមកិច្ចព្រមព្រៀងគ្រប់គ្រងរវាងក្រុមហ៊ុន Dara Hotels Group និង TUI Hotels & Resorts ហើយក៏ជាការបង្ហាញវត្តមានលើកដំបូងរបស់ម៉ាកយីហោនេះនៅក្នុងប្រទេសកម្ពុជាផងដែរ។

Photo 2026 10 05 14 08 08


ឧកញ៉ា វេជ្ជបណ្ឌិត ពុង ការ៉ូលីន អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC បានមានប្រសាសន៍ថា៖ «ការផ្លាស់ប្តូរនេះគឺជាជំហានដ៏គួរឱ្យមោទនភាពមួយសម្រាប់ក្រុមហ៊ុន Dara Hotels Group។ តាមរយៈការចាប់ដៃគូជាមួយក្រុមហ៊ុនឈានមុខគេក្នុងវិស័យទេសចរណ៍លំដាប់ពិភពលោកដូចជា TUI Group របស់អាល្លឺម៉ង់ យើងកំពុងផ្សារភ្ជាប់បេតិកភណ្ឌក្នុងស្រុករបស់កម្ពុជា ទៅនឹងបណ្តាញអន្តរជាតិ។»


លោក Bernd Mäser នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន TUI Hotels & Resorts បានមានប្រសាសន៍ថា៖ «ការបើកដំណើរការសណ្ឋាគារ TUI SUNEO Olympia Phnom Penh គឺជាជំហានដ៏សំខាន់មួយទៀតក្នុងការការពង្រីកបណ្តាញសណ្ឋាគាររបស់យើងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ ទីក្រុងភ្នំពេញដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍របស់ប្រទេស ដោយមានការរួមបញ្ចូលគ្នានូវបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ការតភ្ជាប់អន្តរជាតិដែលកំពុងកើនឡើង និងភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់ភ្ញៀវទេសចរដែលមកកម្សាន្ត»។


ការបើកដំណើរការនេះក៏បានឆ្លុះបញ្ចាំងផងដែរអំពីការពង្រឹងទំនាក់ទំនងរបស់ OCIC ជាមួយក្រុមហ៊ុន និងស្ថាប័ននានារបស់អាល្លឺម៉ង់៖ តាមរយៈគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុមហ៊ុន OCIC បានទិញទំនិញ និងសេវាកម្មដែលមានតម្លៃជិត ១១ លានដុល្លារអាមេរិកពីក្រុមហ៊ុនអាល្លឺម៉ង់នានា រួមមាន Siemens, Schneider Electric, Peri និង Kalzip ខណៈដែលធនាគារ កាណាឌីយ៉ា ក៏ធ្លាប់ទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍ KfW របស់អាល្លឺម៉ង់ផងដែរ។ តាមរយៈគម្រោង TUI SUNEO Olympia Phnom Penh ក្រុមហ៊ុន OCIC និងក្រុមហ៊ុន Dara Hotels Group បន្តចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យបដិសណ្ឋារកិច្ចរបស់កម្ពុជា ដោយសហការជាមួយដៃគូអន្តរជាតិឈានមុខគេ។

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia