ក្រុមហ៊ុន OCIC ទទួលបានហិរញ្ញប្បទាន ១០០ លានដុល្លារពីសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិអាមេរិក សម្រាប់អភិឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ
Bunthoeun KoemJUNE 23 202669 views

កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិអាមេរិក (DFC) និងក្រុមហ៊ុនអូវើស៊ី ខេមបូឌាន អ៊ិនវេសមេន ខបភើរេសិន (OCIC) បានចុះហត្ថលេខាលើលិខិតសម្តែងបំណង (Letter of Intent) ដែលកំណត់អំពីការផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាច្រកទ្វារអន្តរជាតិថ្មីរបស់កម្ពុជា និងជាគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតមួយរបស់ប្រទេស។​

 

Photo 2026 06 23 14 19 32

 

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយ ឧកញ៉ាវេជ្ជបណ្ឌិត Pung Carolyne អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និងលោកស្រី Caroline Vik ប្រធានផ្នែកគោលនយោបាយ (Chief Policy Officer) នៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិអាមេរិក (DFC)

 

ឧកញ៉ាវេជ្ជបណ្ឌិត Pung Carolyne អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន OCIC បានមានប្រសាសន៍ថា៖​ «ថ្ងៃនេះគឺជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ការផ្តល់ហិរញ្ញប្បទានដែលមានការស្នើឡើងដោយ DFC ឆ្លុះបញ្ចាំងពីទំនុកចិត្តលើអនាគតសេដ្ឋកិច្ចរបស់កម្ពុជា និងលើតួនាទីរបស់អាកាសយានដ្ឋានក្នុងនាមជាច្រកទ្វារសម្រាប់ពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ និងការតភ្ជាប់ក្នុងតំបន់។ ការផ្តល់ហិរញ្ញប្បទាននេះក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់អាកាសយានដ្ឋានអន្តរជាតិតេជោក្នុងការអនុវត្តតាមស្តង់ដារអន្តរជាតិ និងតម្លៃរយៈពេលវែងដែលគម្រោងនឹងផ្តល់ជូនដល់ការអភិវឌ្ឍរបស់ប្រទេសផងដែរ»។​​

 

Photo 2026 06 23 14 19 41

 

«អ្នក​គឺជា​​ដៃគូ​ដែល​យើង​កំពុង​ស្វែងរក​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ជុំវិញ​ពិភពលោក។ យើង​សង្ឃឹម​ថា​នេះ​ជា​គម្រោង​ដំបូង​គេ​ក្នុង​ចំណោម​គម្រោង​ជាច្រើន​ដែល​យើង​ធ្វើ​ជាមួយ​គ្នា»។ លោកស្រី Caroline Vik ប្រធានផ្នែកគោលនយោបាយនៃ DFC បានមានប្រសាសន៍។

 

លើសពីការផ្តល់ហិរញ្ញប្បទានដែលមានការស្នើឡើង កិច្ចព្រមព្រៀងលិខិតសម្តែងបំណងនេះបានបញ្ជាក់អំពីការស្របគ្នានៃគម្រោងជាមួយស្តង់ដារនៃអភិបាលកិច្ច តម្លាភាព បរិស្ថាន និងសង្គម ដែលត្រូវបានរំពឹងទុកដោយស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិឈានមុខ។​ កិច្ចព្រមព្រៀងនេះក៏ត្រូវបានរំពឹងថានឹងជួយពង្រឹងទំនុកចិត្តរបស់វិនិយោគិនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងបន្ថែមភាពទាក់ទាញរបស់ប្រទេស ក្នុងនាមជាគោលដៅសម្រាប់ការវិនិយោគរយៈពេលវែង។

 

Photo 2026 06 23 14 20 28

 

អាកាសយានដ្ឋានអន្តរជាតិតេជោក៏មានការទទួលស្គាល់ជាអន្តរជាតិសម្រាប់ការរចនា និងចក្ខុវិស័យប្រតិបត្តិការរបស់ខ្លួនផងដែរ។ ថ្មីៗនេះ អាកាសយានដ្ឋាននេះត្រូវបានទទួលស្គាល់ដោយ «Skytrax» ដែលជាស្ថាប័នវាយតម្លៃអាកាសយានដ្ឋានឈានមុខមួយក្នុងវិស័យអាកាសចរណ៍ និងត្រូវបានដាក់ឈ្មោះជាអាកាសយានដ្ឋានដែលមានសម្រស់ស្អាតបំផុតមួយនៅលើពិភពលោក ដោយ «Prix Versailles»។ ការទទួលស្គាល់ទាំងនេះបានបង្ហាញពីការកើនឡើងនៃភាពលេចធ្លោរបស់អាកាសយានដ្ឋាននេះ ក្នុងនាមជាមជ្ឈមណ្ឌលអាកាសចរណ៍សំខាន់ក្នុងតំបន់ និងជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ដែលត្រូវបានរចនាឡើងដើម្បីគាំទ្រការតភ្ជាប់ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជារយៈពេលវែងជាច្រើនទសវត្សរ៍ទៅមុខ។

 

Photo 2026 06 23 14 19 14

 

ការផ្តល់ហិរញ្ញប្បទានពី DFC ក៏បានបន្ថែមលើការចូលរួមកាន់តែរីកចម្រើនរបស់ក្រុមហ៊ុន OCIC ជាមួយស្ថាប័ន និងក្រុមហ៊ុនអាមេរិក រួមមាន ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងក្រុមហ៊ុនឈានមុខរបស់សហរដ្ឋអាមេរិកដូចជា​ General Electric, OTIS, Caterpillar, CISCO និង Ford ក្នុងវិស័យដឹកជញ្ជូន វិស្វកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។​

 

កិច្ចព្រមព្រៀងហិរញ្ញប្បទាននេះក៏ឆ្លុះបញ្ចាំងពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេសក្នុងវិស័យដូចជា អាកាសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារកម្ម ពាណិជ្ជកម្ម និងការវិនិយោគ។ នៅពេលដែលកម្ពុជាកំពុងពង្រីកការតភ្ជាប់របស់ខ្លួនទៅកាន់ទីផ្សារតំបន់ និងសកលលោក ភាពជាដៃគូដូចនេះនឹងដើរតួនាទីសំខាន់ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ទាក់ទាញការវិនិយោគអន្តរជាតិ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

 

Photo 2026 06 23 14 20 06

Photo 2026 06 23 14 19 56

Photo 2026 06 23 14 20 37

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia