កាលពីប៉ុន្មានម៉ោងមុនក្រុមហ៊ុន OceanGate បានប្រកាសជាផ្លូវការហើយថា ពួកគេបានរកឃើញសំណល់កម្ទេចកម្ទីដែលជាផ្នែកសំខាន់របស់យាន្ត The TITAN នៅក្បែរសាកសពកប៉ាល់ TITANIC ប្រហែលជាង ៥០០ម៉ែត្រប៉ុណ្ណោះ និងជឿថាយាន្តនោះបានផ្ទុះនៅក្រោមសមុទ្រ ហើយពួកគេទាំង៥នាក់ក៏ត្រូវគេជឿថាបានបាត់បង់ជីវិតដូចគ្នា។ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន CNN ចុះនាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។
ជុំវិញហេតុការណ៍ដ៏សោកសៅខាងលើ ក្រុមហ៊ុន OceanGate បានចេញសារពីការស្លាប់របស់មនុស្សទាំង៥រូបនោះ ដោយរៀបរាប់យ៉ាងដូច្នេះថា៖ «ឥឡូវនេះយើងជឿថានាយកប្រតិបត្តិរបស់យើងលោក Stockton Rush, លោក Shahzada Dawood និងកូនប្រុសរបស់គាត់ Suleman Dawood, លោក Hamish Harding និងលោក Paul-Henri Nergeolet ត្រូវបានបាត់បង់ជីវិតហើយ។ បុរសទាំងនេះគឺជាអ្នករុករកពិតប្រាកដ ដែលបានចែករំលែកស្មារតីនៃការផ្សងព្រេងដ៏អស្ចារ្យ និងចំណង់ចំណូលចិត្តយ៉ាងខ្លាំងក្នុងការរុករក និងការពារមហាសមុទ្ររបស់ពិភពលោក។ ដួងចិត្តរបស់យើងនៅជាមួយព្រលឹងអ្នកទាំងប្រាំ និងសមាជិកគ្រប់រូបនៃគ្រួសាររបស់ពួកគេក្នុងអំឡុងពេលសោកនាដកម្មនេះ។ យើងសោកស្ដាយចំពោះការបាត់បង់ជីវិត និងមានក្ដីអំណរចំពោះគ្រប់យ៉ាងដែលពួកគេបានធ្វើសម្រាប់មនុស្សជុំវិញខ្លួន»។
ក្រុមហ៊ុនបានបន្តទៀតថា៖ «នេះគឺជាពេលវេលាដ៏សោកសៅបំផុតសម្រាប់បុគ្គលិកដែលខិតខំប្រឹងប្រែងស្វែងរកអស់ពីកម្លាំងកាយចិត្ត និងសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់នេះ។ គ្រួសារ OceanGate ទាំងមូលមានអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកស្ម័គ្រចិត្តពីអង្គការជាច្រើននៃសហគមន៍អន្តរជាតិ ដែលបានរត់ខ្វែងដៃខ្វែងជើងពន្លឿនផ្នែកធនធាន (ឧបករណ៍) និងបានធ្វើការយ៉ាងលំបាកក្នុងបេសកកម្មនេះ។ យើងសូមកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការស្វែងរកអ្នករុករកទាំងប្រាំនាក់នេះ និងការងារដែលមិនចេះនឿយហត់ទាំងយប់ទាំងថ្ងៃរបស់ពួកគេក្នុងការជួយដល់ក្រុមនាវិករបស់យើង និងក្រុមគ្រួសាររបស់ពួកគេ»។
ជាចុងក្រោយ ក្រុមហ៊ុន OceanGate បានលើកឡើងយ៉ាងដូច្នេះថា៖ «នេះគឺជាពេលវេលាដ៏សោកសៅបំផុតសម្រាប់សហគមន៍អ្នករុករកទាំងមូល និងសម្រាប់សមាជិកគ្រួសារនីមួយៗនៃអ្នកដែលបានបាត់បង់ជីវិតនៅមហាសមុទ្រ។ យើងសុំដោយក្តីគោរពថា ឯកជនភាពរបស់គ្រួសារទាំងនេះត្រូវបានគោរពក្នុងអំឡុងពេលដ៏ឈឺចាប់បំផុតនេះ»។
គួរជម្រាបផងដែរថា នាវាមុជទឹកមួយគ្រឿងឈ្មោះ The TITAN ដែលផ្ទុកមនុស្សចំនួន៥នាក់ បានធ្វើដំណើរកម្សាន្តទៅក្នុងបាតសមុទ្រជម្រៅជិត៤គីឡូម៉ែត្រ កាលពីថ្ងៃអាទិត្យទី១៨ ខែមិថុនា ឆ្នាំ២០២៣ និងត្រូវបានបាត់ដំណឹងសូន្យឈឹងមកទល់នឹងថ្ងៃទី២៣នេះ ខណៈអុកស៊ីសែនដែលនៅក្នុងនាវានេះមានត្រឹម៩៦ម៉ោងតែប៉ុណ្ណោះ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)