នៅសហរដ្ឋអាមេរិក គិលានុបដ្ឋាយិកាម្នាក់ ឈ្មោះ Cami អាយុ ៣៨ ឆ្នាំ បានលាឈប់ពីការងាររបស់នាង ដើម្បីបើកហាងបោកគក់ពេញម៉ោងមួយ ដែលអាចរកចំណូលបាន ៤៧៥,០០០ ដុល្លារក្នុងមួយឆ្នាំ ដោយគ្រាន់តែចំណាយពេលធ្វើការ ប្រហែលជា ៥ ឬ ៦ ម៉ោងក្នុងមួយសប្តាហ៍ប៉ុណ្ណោះ។
នាងបានធ្វើការពេញម៉ោងជាគិលានុបដ្ឋាយិកានៅមន្ទីរពេទ្យ ប៉ុន្តែនាងក៏បានលាឈប់ នៅពេលដែលនាងកំពុងដំណើរការហាងបោកគក់ ចាប់ពីខែតុលា ឆ្នាំ២០២០ ដល់ខែមេសា ឆ្នាំ២០២៣។ ទោះបីជា នៅថ្ងៃរដូវរងាដ៏ត្រជាក់ក៏ដោយ នៅរដ្ឋអារីហ្សូណា ហាងបោកគក់របស់ Cami ក៏ពោរពេញទៅដោយអតិថិជន ដែលមកបោកគក់ និងប្រើម៉ាស៊ីនសម្ងួត ព្រមទាំងមានបុគ្គលិកចាំដឹកជញ្ជូនសម្លៀកបំពាក់ទៅដល់ផ្ទះអតិថិជនផងដែរ។ នៅហាងបោកគក់ Cami តម្លៃម៉ាស៊ីននីមួយៗ មានចាប់ពីម៉ាស៊ីនសម្ងួតដែលមានតម្លៃ ២៥ សេនក្នុងមួយនាទី ម៉ាស៊ីនបោកគក់ទម្ងន់ ៨០ផោន មានតម្លៃ ១២ដុល្លារក្នុងមួយដង។ តម្លៃទៅយក និងដឹកជញ្ជូនបោកគក់ក៏ខុសគ្នាអាស្រ័យលើទម្ងន់ផងដែរ។ សម្រាប់ Cami ការដំណើរការអាជីវកម្ម ជាការងារតែមួយគត់ដែលធ្វើឲ្យជីវិតរបស់នាងផ្លាស់ប្តូរលឿនដ៏ឲ្យភ្ញាក់ផ្អើល។
យោងតាមឯកសារដែលបានពិនិត្យដោយ CNBC Make It បានឲ្យដឹងថា ហាងបោកគក់របស់ Cami បានរកប្រាក់ចំណូលប្រហែល ៤៧៥,០០០ដុល្លារកាលពីឆ្នាំមុន បូករួមទាំងថ្លៃជួលជិត ៣០,០០០ ដុល្លារពីហាងកាត់សក់មួយនៅជាប់គ្នា។ នាងនិយាយថា ប្រាក់ចំណេញនោះរួមមានប្រាក់ចំណេញប្រហែល ១១៩,០០០ ដុល្លារ ដែលខ្លះទុកធ្វើដើមទុនវិញ ហើយ ៦៦,០០០ ដុល្លារសម្រាប់ឲ្យប្រាក់ខែខ្លួនឯង។ ហើយទោះបីជានាងនឹកការងារចាស់នៅមន្ទីរពេទ្យក៏ដោយ ក៏នាងរីករាយនឹងតុល្យភាពការងារ-ជីវិត និងសេរីភាពដែលនាងបានក្លាយជាម្ចាស់អាជីវកម្មបែបនេះ។
មេរៀនដ៏ធំបំផុតមួយដែល Cami បានរៀន នាងបាននិយាយថា៖ ត្រូវរកលុយហើយប្រើប្រាស់វា ធ្វើតាមចំណង់ចំណូលចិត្ត ព្រោះអាជីពការងារខ្លះ កាន់តែបន្ត កាន់តែធ្វើឲ្យអ្នកមានសម្ពាធ។ ក្នុងករណីរបស់ Cami ចំណង់ចំណូលចិត្តរបស់នាង គឺពេលវេលាជាមួយមនុស្សជាទីស្រលាញ់របស់នាង និងការគ្រប់គ្រងលើកាលវិភាគ ដែលមានសេរីភាពផ្ទាល់ខ្លួន មិនចាំបាច់ធ្វើតាមបង្គាប់អ្នកណា។ ចំណុចនេះហើយ ទើបធ្វើឲ្យនាងសុខចិត្តលាឈប់ពីការងារ ហើយមកបើករបរបោកគក់ ហើយក៏ជោគជ័យ រកចំណូលបានយ៉ាងច្រើន៕


