លោក វ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា យោងតាមក្រុមហ៊ុនវិភាគទិន្នន័យអាកាសចរណ៍ Cirium នៅក្នុងឆ្នាំ ២០២៥នេះ កម្ពុជានឹងស្វាគមន៍ជើងហោះហើរចំនួន ៣១៥៧៩ លើក កើនឡើងចំនួន ១៤.២% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។
លោក វ៉ាង វិនពិន (Wang Wenbin) បានសរសេរលើបណ្តាញសង្គម Facebook ផ្ទាល់ខ្លួនកាលពីថ្ងៃទី២៨ ខែកញ្ញា យ៉ាងដូច្នេះថា៖ «កម្ពុជាក៏រំពឹងនឹងមានកំណើនចំនួនកៅអីសម្រាប់អ្នកដំណើរដែលអាចប្រើបាន (Available Passenger Seats) ប្រមាណ ៥,២លានកន្លែង»។ ខណៈចំនួននេះបានកើនឡើង ១៤.៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៤។
យ៉ាងណាមិញ តាមរយៈការព្យាករខាងលើ លោក វ៉ាង វិនពិន (Wang Wenbin) បានប្រមើលឃើញពីការរីកចម្រើនរបស់កម្ពុជាដែលនឹងក្លាយជាគោលដៅមួយក្នុងចំណោមគោលដៅទេសចរណ៍ផ្សេងទៀតដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី។
គួរជម្រាបផងដែរថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ប្រទេសកម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសសរុបចំនួន ១.៩៦លាននាក់ កើនឡើង ១៩% ធៀបនឹងរយៈពេលមួយឆ្នាំ។ ក្នុងនោះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានរំពឹងថាកម្ពុជានឹងទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួន ៧,៥លាននាក់ក្នុងឆ្នាំ២០២៥ ដែលនឹងកើនឡើង ២០% ពី ៦,២៤លាននាក់ ក្នុងឆ្នាំ២០២៤៕