នេះជាដំណឹងដ៏រីករាយមួយ ខណៈនាពេលនេះ ក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីនបានបង្ហាញចំណាប់អារម្មណ៍ចង់វិនិយោគលើវិស័យសក្ដានុពលចំនួន៨ នៅកម្ពុជា ដោយមានដូចជា៖ វិស័យកសិកម្ម (ឧស្សាហកម្មស្រូវអង្ករ), អាកាសចរណ៍, ទេសចរណ៍, យានយន្ត, អប់រំ, សុខាភិបាល, ដឹកជញ្ជូន និងឡូជីស្ទីក, អាជីវកម្មលក់រាយ និង កម្មន្ដសាល។
ជាក់ស្តែង កាលពីថ្មីៗកន្លងទៅនេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតលោកស្រី Rosemarie P. Rafael ប្រធានក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព។
នៅក្នុងជំនួបនេះដែរ ក្រៅពីបង្ហាញចំណាប់អារម្មណ៍ចង់វិនិយោគនៅលើវិស័យខាងលើ លោកស្រី Rosemarie P. Rafael ក៏បានបង្ហាញបំណងស្វែងរកកិច្ចសហការជាមួយសហគ្រិនជាស្ត្រីនៅកម្ពុជា ពាក់ព័ន្ធនឹងការពង្រឹងជំនាញវិជ្ជាជីវៈ, ការផ្លាស់ប្ដូរបទពិសោធន៍ និងឧត្តមានុវត្តន៍ល្អៗ ការកសាងសមត្ថភាពជាដើមផងដែរ។
ជាការឆ្លើយតប សម្ដេចបវរធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ និងការជួយលើកកម្ពស់តួនាទីស្ត្រីក្នុងវិស័យធុរកិច្ចរបស់ក្រុមប្រឹក្សា ព្រមទាំងបានស្វាមគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមប្រឹក្សាធុរកិច្ចក្នុងការស្វែកឱកាសវិនិយោគ និងពាណិជ្ជកម្ម នៅកម្ពុជា និងបង្ហាញនូវក្ដីសោមនស្សរីករាយចំពោះការរៀបចំវេទិកាធុរកិច្ចនៅកម្ពុជានាពេលនេះ ក៏ដូចជាការរៀបចំវេទិកាធុរកិច្ចនៅហ្វីលីពីន នាពេលខាងមុខ។
សម្ដេចបានគូសបញ្ជាក់ថា វេទិកាធុរកិច្ចទាំងនេះនឹងជួយតភ្ជាប់ទំនាក់ទំនងរវាងធុរជន ឬវិនិយោគិននៃប្រទេសទាំងពីរ និងជួយបង្កើតកាលានុវត្តភាពបន្ថែម សម្រាប់ការវិនិយោគជាដើមផងដែរ៕