ឧទ្យាននរា (Norea Parkway) ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន OCIC មានទីតាំងស្ថិតនៅកោះនរា កំពុងមានភាពទាក់ទាញខ្លាំង។ បន្ទាប់ពីបានបង្ហាញរូបរាងដ៏ស្រស់ស្អាត ឧទ្យានមួយនេះបានក្លាយទៅជាទីតាំងសម្រាប់លំហែកាយមួយដ៏ចាប់អារម្មណ៍ ដោយស្ពានតភ្ជាប់កោះពេជ្រ-កោះនរាត្រូវបានបើកឲ្យចរាចរកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។
យ៉ាងណាដើម្បីរក្សាអោយបាននូវសណ្តាប់ធ្នាប់ សុវត្ថិភាព បរិយាកាសរីករាយ របស់បងប្អូនដែលទៅលេងកម្សាន្ដនៅទីនោះ ក្រុមហ៊ុនក៏បានដាក់ចេញនូវវិធានការមួយចំនួនដូចខាងក្រោម៖
១. មិនអនុញ្ញាតអោយចតយានជំនិះនៅលើផ្លូវ ឬចិញ្ចើមផ្លូវឡើយ។ សូមចតយានជំនិះរបស់លោកអ្នកនៅទីតាំងចំណតដែលបានរៀបចំ។
២. មិនអនុញ្ញាតអោយប្រើប្រាស់ឧបករណ៍បំពងសម្លេងលឺៗ រួមមានធុងបាស speaker ។ល។
៣. មិនអនុញ្ញាតអោយដាក់តុកៅអី ក្រាលកន្ទេល ដើម្បីទទួលទានអាហារ ឬសេពគ្រឿងស្រវឹងនៅតាមទីកន្លែងសាធារណៈឡើយ។
៤. ចូលរួមថែរក្សាអនាម័យ ដោយវេចខ្ចប់សម្រាមផ្ទាល់ខ្លួនទៅដាក់នៅក្នុងធុងសម្រាម។
៥. ចូលរួមថែរក្សាបរិស្ថាន ដោយមិនដើរជាន់ស្មៅ បេះបោចរុក្ខជាតិ បំផ្លាញសំភារៈ ឬទ្រព្យសម្បត្តិដែលមាននៅក្នុងឧទ្យាននរាឡើយ។
ជាមួយគ្នានេះខាងក្រុមហ៊ុន OCIC ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីឲ្យបងប្អូន ដែលមកលេងកម្សាន្ត សប្បាយរីករាយ ស្ងប់ស្ងាត់ ស្តាប់សំឡេងវាយោ គយគន់គង្គា ហាត់ប្រាណជាមួយគ្រួសារ អានសៀវភៅ ឬលេងហ្គីតាជាមួយមិត្តភក្តិ អមដោយបរិយាកាសធម្មជាតិ ព្រមទាំងចៀសវាងការបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ការរំខានដល់អ្នកដទៃ និងសណ្តាប់ធ្នាប់អនាម័យនៅឧទ្យាននរា៕