សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ដីដែលមិនប្រើប្រាស់ ក្រោមទំហំ៥ហិកតា គឺមិនជាប់កាតព្វកិច្ចបង់ពន្ធនោះទេ ពោលអនុវត្តកាតព្វកិច្ចនេះ សម្រាប់ដីដែលមានទំហំ៥ហិកតាឡើងប៉ុណ្ណោះ ហើយគោលការណ៍ខាងលើនេះ នឹតត្រូវអនុវត្ដចាប់ពីឆ្នាំ ២០២៥ តទៅ។
ថ្លែងនៅក្នុងកម្មវិធី វេទិកា រាជធានីរាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ សម្ដេចធិបតីបានមានប្រសាសន៍លើកឡើងថា ពាក់ព័ន្ធនឹងពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់នេះ កន្លងមកមានការភាន់ច្រឡំច្រើនថា ពន្ធទាំងពីរនេះ ហាក់មានភាពត្រួតស៊ីគ្នា។ ដើម្បីឲ្យសាធារណៈជនយល់កាន់តែច្បាស់ ខ្ញុំសូមជម្រាបជូនថា “ពន្ធលើអចលនទ្រព្យ” រហូតមកដល់បច្ចុប្បន្ន រាជធានភិបាលសម្រេចអនុវត្ដចំពោះតែអចលនទ្រព្យ ដែលស្ថិតនៅក្នុងភូមិសាស្ដ្រខណ្ឌទាំង ១៤ នៃរាជធានីភ្នំពេញ និងក្រុងចំនួន ២៧ នៃខេត្ដទាំងអស់ទូទាំងប្រទេសប៉ុណ្ណោះ។
ដោយឡែក ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវអនុវត្ដលើដីមានសំណង់ និងដីគ្មានសំណង់ ដែលមិបានប្រើប្រាស់ និងអនុវត្ដលើដីធ្លីមិនបវានប្រើប្រាស់ ដែលជាទទូលទៅ គឺជាដីមិនស្ថិតនៅក្នុងរាជធានីភ្នំពេញ និងក្រុង។
សម្ដេចបន្ដថា ដើម្បីបញ្ចៀសការមកពន្ធត្រួតស៊ីគ្នា និងមិនឲ្យប៉ះពាល់ដល់ប្រជាជនទូទៅ ស្រមតាមគោលបំណងនេះ ខ្ញុំបានដាក់ចេញគោលការណ៍ ឲ្យអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការកែសម្រួលលិខិតបទដ្ឋានគតិយុទ្ធ ដើម្បីបន្ធូរបន្ថយលក្ខណ្ឌ សម្រាប់ទទួលបាន ការលើកលែងព្ធលើ ដីធ្លីមិនបានប្រើប្រាស់ ឲ្យមានភាពច្បាស់លាស់ដូចតទៅ៖
១៖ ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ សំដៅដល់ដីដែលនៅក្រៅតំបន់ដែលជាប់ពន្ធលើអចលនទ្រព្យហើយ អញ្ចឹងអត់មានការត្រួតគ្នាទេ។
២៖ ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវបានអនុញ្ញាតឲ្យកាត់ចេញ៥ហិកតា ក្នុងមួយកន្លែង។ មានន័យថា ដីដែលមានទំហំ៥ហិកតាចុះ លែងព្រួយបារម្ភដីមិនប្រើប្រាស់ហើយ។ កិច្ចការនេះពីដើមយើងធ្លាប់កាត់ ១ ២០០ ម៉ែត្ររ៉េ គិតថាជាដីលំនៅឋាន តែក្រោយមកយើងបានលុប ១២០០ ម៉ែត្រការ៉េ
គិតថាជាប្រភេទលំនៅឋាន។ ក្រោយមកលុប១២០០ការ៉េ គិតជាលុយ១០០លានរៀលវិញ ប៉ុន្ដែឥលូវកុំឲ្យពិបាកក្នុងការគិតថាផ្ទះប្រមាណ អីប្រមាណ គឺ៥ហិកតាចុះ គឺមិនគិតដីអត់ប្រើប្រាស់ទៀតទេ ព្រោះបើយើងគិត៥ហិកតា អ្នកដែលមានលទ្ធភាពទិញដីលើស៥ហិកតា ទុកអត់ធ្វើអីមានមិនច្រើនទេ អញ្ចឹងប្រជាពលរដ្ឋភាគច្រើន គឺអាចរួច។ ហើយចំពោះដីដែលលើស៥ហិកតា យើងនៅមានលក្ខខណ្ឌមួយចំនួនទៀត ដើម្បីអនុគ្រោះ»។
និយាយរួមគោលដៅនៃការដាក់ពន្ធនេះ គឺធ្វើយ៉ាងម៉េចកុំឲ្យទិញដី ទុកចោលធំពេកព្រោះអាចប៉ះពាល់ ទិញយកទៅធ្វើអី យកទៅបង្កើតសកម្មភាពសេដ្ឋកិច្ចដើម្បីឲ្យជួយ
ដោយឡែក ចំពោះដីដែលលើស ៥ ហិកតា គឺអាចរួចពន្ធលើដីធ្លីមិនបានប្រើប្រាស់ ស្របតាមលក្ខខណ្ឌណាមួយដូចខាងក្រោម៖
- ដីកសិកម្មកំពុងបង្កបង្កើនផល ដោយមានការបញ្ជាក់ពីគណៈកម្មការ ឬអនុគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីដែលប្រើប្រាស់
- ដីកំពុងបម្រើសកម្មភាពសេដ្ឋកិច្ចរបស់រូបវ័ន្ដបុគ្គល ឬនីតិបុគ្គល ដែលបានចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ
- ដីមានសំណង់ ឬគ្មានសំណង់ ស្ថិតនៅក្រោមកិច្ចសន្យាជួល
- ដីដែលមានកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាល
- ដីសម្បទាសេដ្ឋកិច្ចដែលជួលពីរដ្ឋ ឬដីធ្លីរបស់សហគមន៍
- ដីជាកម្មសិទ្ធិរបស់រដ្ឋដែលបានជួលទៅឲ្យនីតិបុគ្គល ឬរូបវ័ន្ដបុគ្គលណាមួយសម្រាប់ប្រើប្រាស់ជាសកម្មភាពសេដ្ឋកិច្ចផ្សេងៗ តាមកិច្ចសន្យា ឬកិច្ចព្រមព្រៀងតាមភាគីទាំងពីរ
- ដីដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលប្រើប្រាស់ផ្ទាល់ដល់សកម្មភាពកសិកម្ម ឧស្សាហ៍កម្ម ឬសេវាកម្ម
- ស្របតាមការស្នើសុំដោយក្រុមការងារផ្នែកអប់រំ គឺដីដែលបានចុះបញ្ជីទ្រព្យសម្បត្តិរបស់សហគ្រាស ក្នុងវិស័យអប់រំ សិក្សាធិការ បណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់គោលដៅបម្រើវិស័យដែលបានរៀបរាប់បានជាដើម។ ក្នុងករណីដែលដីនេះ ត្រូវបានលក់ ឬមិនបានបម្រើតាមគោលដៅខាងលើ ត្រូវបំពេញកាតពន្វកិច្ចពន្ធដារតាមច្បាប់ជាធរមាន៕