អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ CFF បានប្រកាសថា ពីពេលនេះ ក.ប.ប នឹងអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនតាមរយៈយន្តការចុះអង្កេតនៅតាមបណ្តាទីផ្សារ ផ្សារទំនើប និងទីតាំងធ្វើអាជីវកម្មនានាទូទាំងប្រទេស ដែលកំពុងចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ និងការស្តុកទុក ឧបករណ៍អេឡិចត្រូនិចនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។
ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម នឹងបន្តចូលរួមអប់រំ បង្ការ និងទប់ស្កាត់ ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់និងស៊ីស្សា បន្ថែមពីលើយន្តការចុះអប់រំផ្សព្វផ្សាយស្តីពី សុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងផលប៉ះពាល់នៃគ្រឿងញៀន ជូនដល់លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស និងអាជីវករលក់ដូរនៅតាមបណ្តាសាលា និងគ្រឹះស្ថានអប់រំ ដែលអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បាននិងកំពុងអនុវត្តជាប្រចាំ។
អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ CFF បានបញ្ជាក់ថា អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាម្ចាស់ ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ និងសាធារណជន ចូលរួមសហការ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវ បទបញ្ជារបស់រាជរដ្ឋាភិបាល ព្រមទាំងរួមគ្នាសម្រេចឱ្យបានគោលបំណងដូចបានកំណត់ក្នុងបទបញ្ជាប្រកបដោយ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព៕



