ចាប់ផ្ដើមដំបូងនៅឆ្នាំ២០២២ ដោយយុវជនមួយរូប ដែលមានឆន្ទះចង់ជួយបរិស្ថាន តាមរយៈការដើរប្រមូលសំរាមប្លាស្ទិកតាមសាលា ទីសាធារណៈនានា ស្រាប់តែមកដល់ឆ្នាំ២០២៣នេះ បានវិវត្តន៍ខ្លួនចេញជានិស្សិតមួយក្រុមឈ្មោះ និស្សិតប្លាស្ទិច Nisset Plastic ដែលមានសមាជិកនិស្សិតវ័យក្មេងជាច្រើននាក រួមទាំងជនជាតិជប៉ុនម្នាក់ផង។
និស្សិតប្លាស្ទិច Nisset Plastic នាពេលថ្មីៗនេះ បានផ្លាស់ប្ដូរសកម្មភាពខ្លួនងាកមកផ្ដោតលើការជួយប្រមូលសំរាមចេញពីប្រឡាយនានា ដែលពោរពេញដោយសំរាមណែនតាន់តាប់ ប្ដូរមកជាស្រឡះភ្នែក និងស្ទើរតែលែងមានសំរាមអណ្ដែតលើផ្ទៃទឹកប្រឡាយទាំងស្រុង។
តាមរយៈការលះបង់ និងខំប្រឹងជួយអស់ពីកម្លាំងកាយចិត្តរបស់យុវជនមួយក្រុមនេះ ដោយមិនបានសូម្បីតែប្រាក់១កាក់១សេននោះ បានធ្វើឱ្យក្រសួងបរិស្ថានមានការទទួលស្គាល់ និងកោតសរសើរយ៉ាងខ្លាំងចំពោះក្រុមយុវជនសកម្មមួយក្រុមនេះ។ នាពេលកន្លងមកក្រសួងបរិស្ថាន បានពលថា៖ មហាជនស្ងើចសរសើរ «និស្សិតប្លាស្ទីក» រើសសំរាមតាមប្រឡាយលូទឹកស្អុយ ផ្តើមចេញពីយុវជនមួយរូបរហូតដល់គៀងគរ មនុស្សជាច្រើនអោយចូលរួមក្នុងសកម្មភាពរើសសំរាមតាមប្រឡាយលូទឹកស្អុយនៅក្នុងរាជធានី។ ការចូលរួមច្រើនកុះករនេះ បានធ្វើអោយមហាជនមួយចំនួនស្ងើចសរសើរ ប៉ុន្តែមួយចំនួនទៀតក៏បានរិះគន់ថា ជាក្រុមយុវជនស៊ីជោ។
ក្រោយពេលដែលលះបង់កម្លាំងកាយចិត្តដោយមិនញញើតនឹងការខ្ពើមរអើមជាមួយនឹងក្លិនដ៏អាក្រក់នេះ ក្រុមយុវជនបានស្នើសុំចិត្តបងប្អូនខ្មែរ ឱ្យចូលរួមថែរក្សាបរិស្ថានទីក្រុងទាំងអស់គ្នា កុំចោលសំរាមផ្ដេសផ្ដាសតទៅទៀត ដើម្បីសោភ័យភាពទីក្រុងនិងការរស់នៅ។ ក្រុមនិស្សិតប្លាស្ទិច Nisset Plastic បានពោលថា៖ «ដើម្បីធ្វើឲ្យសោភណ្ឌភាពប្រឡាយមួយស្អាតវាមិនមែនជារឿងងាយស្រួលដូចការបំផ្លាញនោះទេ។ យើងនៅតែអង្វរ ឈប់បំផ្លាញទៀតទៅខ្មែរមួយចំនួនអើយ ប្រឡាយនេះស្អាតហើយ ហើយយើងចង់ឲ្យប្រឡាយនេះស្អាតបែបនេះជារៀងរហូត»។
ជាចុងក្រោយ បងប្អូនក៏អាចចូលរួមក្នុងការជួយឧបត្ថម្ភជាសម្ភារៈ ដើម្បីជាការចូលរួម និងលើកទឹកចិត្តក្រុមការងារនិស្សិតប្លាស្ទិច អាចដំណើរការបេសកកម្មរបស់ខ្លួនកាន់តែសកម្មមួយកម្រិតទៀត តាមរយៈគណនីខាងក្រោមនេះផងដែរ៕