NHAM24 ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយផ្សារទំនើបឡាក់គី ពង្រីកបន្ថែមការផ្តល់ជូននូវជម្រើសគ្រឿងទេសយ៉ាងច្រើនសម្បូរបែប
Daneth MechFEBRUARY 6 2024

ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ -​ NHAM24 ពិតជាមានកិត្តយសយ៉ាងក្រៃលែងក្នុងការប្រកាសនូវកិច្ចសហការនាពេលថ្មីៗនេះជាមួយនឹងផ្សារទំនើបឡាក់គី ដែលជាផ្សារទំនើបធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា។ ដែលភាពជាដៃគូនេះ ត្រូវបានប្រារព្ធឡើង ជាមួយនឹងកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុន NHAM24 និង DFI Lucky Private Limited នៅរាជធានីភ្នំពេញកាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៤។

ជាមួយនឹងភាពជាដៃគូនេះដែរ អ្នកប្រើប្រាស់ជាមួយនឹងកម្មវិធី NHAM24 គ្រប់រូប​ ពេលនេះអាចរីករាយជាមួយនឹងការជាវនូវគ្រឿងទេសជាច្រើនប្រភេទពីផ្សារទំនើបឡាក់គី ។ ជាមួយនឹងការរួមបញ្ចូលគ្នានៃផ្សារទំនើបឡាក់គីរហូតដល់ទៅ 14 សាខា និងមុខទំនិញជាង 8,000 មុខនៅក្នុងកម្មវិធី NHAM24។ ក្រុមហ៊ុន NHAM24 ជឿជាក់ថាពួកគេនឹងអាចពង្រឹងបន្ថែមលើការផ្តល់ជូននូវជម្រើសគ្រឿងទេសឲ្យកាន់តែទូលំទូលាយ ជាមួយនឹងផែនការយ៉ាងរឹងមាំក្នុងការពង្រីកនូវកិច្ចសហការបន្ថែមទៀតជាមួយ DFI Lucky Private Limited នាពេលអនាគត។

Photo 2024 02 06 21 17 54

ការនាំយកមកបន្ថែមនូវផលិតផលចម្រុះ និងមានគុណភាពខ្ពស់របស់ផ្សារទំនើបឡាក់គីទៅក្នុងកម្មវិធី NHAM24 ខាងលើនេះ គឺធ្វើឡើងក្រោមគោលបំណងផ្តល់ជូននូវបទពិសោធន៍ទិញទំនិញប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ NHAM24 ។ ផ្សារទំនើបឡាក់គី ដែលបច្ចុប្បន្នមានរហូតជាង 80 សាខាទូទាំងប្រទេស តែងនាំមក ជាមួយនឹងបទពិសោធន៍យ៉ាងស្ទាត់ជំនាញក្នុងការផ្គត់ផ្គង់ និងចែកចាយផលិតផលគ្រឿងទេសថ្មីៗ និងគុណភាពខ្ពស់ដល់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា។

លោកស្រី ហេង ភួងអ៊ាង នាយិកាជាន់ខ្ពស់ផ្នែកប្រតិបត្តិនៃ DFI Lucky Private Limited បានសម្តែងនូវក្តីរីករាយចំពោះភាពជាដៃគូនេះ ដោយមានប្រសាសន៍ថា៖ "ពួកយើងពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះឱកាសដើម្បីនាំយកផលិតផលរបស់ពួកយើងឲ្យកាន់តែកៀកជិត និងងាយស្រួលសម្រាប់អតិថិជន NHAM24 ។ កិច្ចសហការនេះត្រូវបានធ្វើឡើងស្របទៅតាមការប្តេជ្ញាចិត្តរបស់ពួកយើងយ៉ាងមុតមាំមួយក្នុងការនាំយកផលិតផលរបស់ពួកយើងឲ្យកាន់តែកៀកជិតអតិថិជន និង ផ្តល់នូវបទពិសោធន៍ទិញទំនិញដ៏ងាយស្រួល និងទំនើបសម្រាប់ពួកគេ។"

Photo 2024 02 06 21 17 53

Photo 2024 02 06 21 17 54 (2)

លោកស្រី ស៊ុន សុខា ប្រធាននាយកប្រតិបត្តិការនៃក្រុមហ៊ុន NHAM24 បានឆ្លើយតបទៅកាន់សេចក្តីរីករាយខាងលើ ដោយបានបន្ថែមថា៖ "NHAM24 គឺតែងតែមានការប្តេជ្ញាចិត្តមួយយ៉ាងមុតមាំក្នុងការផ្តល់ជូននូវបទពិសោធន៍ទិញទំនិញដ៏សម្បូរបែប និងងាយស្រួលបំផុតសម្រាប់អតិថិជន។ ហើយការរួមបញ្ចូលបន្ថែមនៃផលិតផលរបស់ផ្សារទំនើបឡាក់គីទៅក្នុងកម្មវិធី NHAM24 របស់ពួកយើងនេះ គឺជាការពង្រឹកបន្ថែមនូវការផ្តល់ជូនជម្រើសគ្រឿងទេសឲ្យកាន់តែទូលំទូលាយសម្រាប់អ្នកប្រើប្រាស់របស់ពួកយើង និងធ្វើឱ្យដំណើរការទិញទំនិញរបស់ពួកគេកាន់តែមានភាពងាយស្រួល។"

ភាពជាដៃគូនេះគឺជាការបោះជំហានដ៏ធំមួយក្នុងការបំពេញតម្រូវការរបស់អ្នកទិញទំនិញតាមអនឡាញ។ NHAM24 នឹងនៅតែប្រកាន់ខ្ជាប់ក្នុងការពង្រឹងបទពិសោធន៍ទិញទំនិញរបស់លោកអ្នកឲ្យកាន់តែប្រសើរឡើង ដោយផ្តល់ជូននូវជម្រើសសេវាកម្មដែលមានល្បឿនលឿន គុណភាពខ្ពស់ និងភាពងាយស្រួល។

អំពី NHAM24 (GO24 CAMBODIA CO., LTD. )

NHAM24 គឺជាក្រុមហ៊ុនពាណិជ្ជកម្មបែបអេឡិចត្រូនិច (Super App) ដ៏ធំមួយ និងឈានមុខគេនៅប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2015។ ហើយបច្ចុប្បន្ននេះ NHAM24 កំពុងតែបម្រើសេវាកម្មសឹងលើគ្រប់វិស័យទាំងអស់រួមមាន សេវាកម្មដឹកជញ្ជូនម្ហូបអាហារនិងគ្រឿងទេស សេវាកម្មតាក់ស៊ី សេវាកម្មដឹកជញ្ជូនអីវ៉ាន់ សេវាកម្មទីផ្សារពាណិជ្ជកម្មរហ័ស និងសេវាកម្មដឹកជញ្ជូនអ្នកដំណើរ។

ជាមួយនឹងដំណើរប្រតិបត្តិការនៅ 19 ខេត្តក្រុង ក្នុងប្រទេសកម្ពុជា ក៏ដូចជាជួយផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ដៃគូដឹកជញ្ជូន និងដៃគូបើកបរជាង 10,000 នាក់ និងបានអនុញ្ញាតឱ្យដៃគូពាណិជ្ជករលក់អាហារ និងពាណិជ្ជកម្មរហ័សជាង 20,000 ហាង ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ។

អំពី DFI Lucky Private Limited

DFI Lucky Private Limited គឺជាអាជីវកម្មលក់រាយឈានមុខគេនៅកម្ពុជាដែលដំណើរការហាងចំនួន ៨៥ នៅទូទាំងប្រទេស និងផ្តល់ការងារដល់បុគ្គលិកជាង ១៣០០ នាក់។ ឡាក់គីបើកដំណើរការផ្សារទំនើប និងផ្សារអុិចប្រេសផ្តល់ជូននូវប្រភេទអាហារស្រស់ គ្រឿងទេស និងផលិតផលជាច្រើនដែលមានម៉ាកនាំចូល និងផ្តាច់មុខជាច្រើនដែលមានលក់នៅតែឡាក់គីកម្ពុជា។ ហាងរបស់យើងនៅតែបន្តពង្រីកទូទាំងទីក្រុងក្នុងទីក្រុងភ្នំពេញ នៅខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ហាងហ្គាឌៀន បច្ចុប្បន្ននេះដំណើរការទីតាំងជាច្រើននៅទូទាំងទីក្រុងភ្នំពេញ ដែលមានផលិតផលគ្រឿងសំអាង ថែរក្សាសម្ផស្ស ថែរក្សាស្បែក និងផលិតផលថែរក្សាសុខភាពជាច្រើន។ ហ្គាឌៀនក៏នាំចូលនូវផលិតផលជាច្រើនដែលជាម៉ាកហ្គាឌៀនដែលផ្តាច់មុខពីហ្គាឌៀននៅអាសុីអាគ្នេយ៍។ ហ្គាឌៀនបន្តបើកហាងនៅកម្ពុជាហើយក៏បើកដំណើរការហាងតូចៗ នៅក្នុងផ្សារទំនើបឡាក់គី ឬផ្សារអុិចប្រេសនៅក្នុងទីតាំងដែលបានជ្រើសរើសផងដែរ។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia