នៅថ្ងៃទី២៥ ខែកញ្ញានេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសបន្ថែមពន្ធគយថ្មីលើផលិតផលនាំចូលសំខាន់ៗចំនួនមួយ ពីគ្រប់បណ្តាប្រទេសទាំងអស់ ខណៈនឹងត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥តទៅ។ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន Business Insider។
ផលិតផលសំខាន់ៗទាំងនោះរួមមាន៖
១/. ផលិតផលឱសថដែលមានម៉ាកសញ្ញា ឬប៉ាតង់(Patent)ណាមួយ នឹងត្រូវយកពន្ធគយចំនួន ១០០% លើកលែងតែក្រុមហ៊ុនដែលកំពុងសាងសង់រោងចក្រផលិតឱសថរបស់ខ្លួននៅអាមេរិក។
២/. រថយន្តធុនធ្ងន់ (រថយន្តធំៗ)ទាំងអស់ដែលផលិតនៅតាមបណ្តាប្រទេសផ្សេងទៀតនៃពិភពលោក នឹងត្រូវយកពន្ធគយចំនួន ២៥%។ ការណ៍ធ្វើដូច្នេះដើម្បីគាំទ្រដល់ក្រុមហ៊ុនផលិតរបស់អាមេរិក ដូចជា Peterbilt, Kenworth, Freightliner, Mack Trucks និងផ្សេងៗទៀត។
៣/. គ្រឿងសង្ហារឹម និងទំនិញក្នុងផ្ទះ នឹងត្រូវយកពន្ធគយចន្លោះពី ៣០% ទៅ ៥០% តាមប្រភេទមុខទំនិញ។ ក្នុងនោះមានដូចជា គ្រឿងសង្ហារឹមបន្ទប់ទទួលភ្ញៀវ, គ្រឿងសង្ហារឹមបន្ទប់គេង និងគ្រឿងសង្ហារឹមផ្ទះបាយជាដើម ខណៈគ្រឿងសង្ហារឹមទាំងនោះស្ទើរគ្រប់ប្រភេទសុទ្ធសឹងតែនាំចូលពីអាស៊ី និងអឺរ៉ុប។
គួរជម្រាបផងដែរថា ក្នុងនយោបាយពាណិជ្ជកម្មរបស់លោក Donald Trump ដែលបានចាប់ផ្តើមអនុវត្តឡើងវិញនៅឆ្នាំ ២០២៥ ក្រោមគោលការណ៍ “តម្លៃសមរម្យ និងស្មើគ្នា” (Reciprocal Tariff Policy) ក្នុងគោលបំណងដើម្បីគាំទ្រ និងការពារផលិតផលក្នុងស្រុក ខណៈប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍ត្រូវបានប៉ះពាល់ដោយអត្រាពន្ធនាំចូលថ្មីទៅសហរដ្ឋអាមេរិក៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook