លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald J. Trump) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយជាមួយប្រទេសកម្ពុជា ដែលមានគោលបំណងជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះត្រូវបានប្រកាសដោយស្ថាប័ន United States Trade Representative (USTR) នៅលើគេហទំព័រផ្លូវការ កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៥។
តាមរបាយការណ៍ពី USTR បានបង្ហាញថា កម្ពុជាបានយល់ព្រមលុបពន្ធនាំចូល ១០០% លើផលិតផលឧស្សាហកម្ម និងកសិកម្មរបស់សហរដ្ឋអាមេរិក ដែលនាំចូលមកកម្ពុជា។ ការសម្រេចនេះនឹងជួយធ្វើឲ្យផលិតផលអាមេរិកចូលទីផ្សារកម្ពុជាបានងាយស្រួលជាងមុន និងអាចបង្កើនទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។
ផ្នែកមួយទៀតនៃកិច្ចព្រមព្រៀង ក៏បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងរក្សាពន្ធនាំចូលប្រមាណ ១៩% លើទំនិញមួយចំនួនមកពីកម្ពុជា ប៉ុន្តែសម្រាប់ផលិតផលជាក់លាក់ខ្លះៗនឹងទទួលបានអត្រាពន្ធ ០% ដូចគ្នា។

គួរជម្រាបផងដែរថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ៩ខែឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក បានបន្តកើនឡើង ដោយសម្រេចបានទឹកប្រាក់ជាង ៩ ៥៦៧លានដុល្លារ កើន ២២.៦% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ មានទឹកប្រាក់ ៧ ៨០១លានដុល្លារអាមេរិក។ ក្នុងនោះ ការនាំចេញទំនិញសរុបរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានទឹកប្រាក់ ២២.៣៨ពាន់លានដុល្លារ ដែលទំហំពាណិជ្ជកម្មកម្ពុជាជាមួយទីផ្សារអន្តរជាតិក្នុងទំហំជាង ៤៦.៩៩ពាន់លានដុល្លារ កើនឡើង១៤.៨%៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។

បញ្ជាទិញតាម https://t.me/BusinessCambodiaBook


