រាជរដ្ឋាភិបាលមានគម្រោងសាងសង់ពហុកីឡដ្ឋានថ្មីមួយនៅក្នុងខេត្ដព្រះសីហនុ ដែលគម្រោងសង់លើផ្ទៃដី ៣០ ហិកតា ដើម្បីឆ្លើយតបសំណូមពរប្រជាពលរដ្ឋ និងអភិវឌ្ឍវិស័យកីឡា ព្រមទាំងទាក់ទាញទេសចរណ៍ជាតិអន្តរជាតិ មកទស្សនាខេត្តជាប់មាត់សមុទ្រមួយនេះឱ្យកាន់ច្រើនថែមទៀត។

ពហុកីឡដ្ឋានថ្មីមួយនេះ ស្ថិតនៅភូមិចំណោតរាម សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ និងមានសមត្ថភាពផ្ទុកអ្នកទស្សនាប្រមាណ ៣១,៥០០នាក់ ហើយត្រូវបានចាត់ ទុកជាសមិទ្ធផលថ្មីមួយទៀត។ ក្រៅពី ទីលានប្រកួត ពហុកីឡដ្ឋាននេះក៏នឹងមានបញ្ចូលនូវអគារសារមន្ទីរ សួនទេសចរណ៍ សាលមហោស្រព និងកន្លែងបោះតង់ផងដែរ។ ការសាងសង់នឹងអនុវត្តតាមរចនាបថសហសម័យ (Modern) ដោយធានាគុណភាពខ្ពស់ និងបញ្ចូលអត្តសញ្ញាណជាតិ។
ជាមួយគ្នានេះដែរ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានដឹកនាំកិច្ចប្រជុំបច្ចេកទេសដើម្បីជំរុញគម្រោងសាងសង់ពហុកីឡដ្ឋានខាងលើនេះផងដែរ៕



