បន្ទាប់ពីសាងសង់យ៉ាងមមាញឹកអស់រយៈពេល៣ឆ្នាំ ទីបំផុតព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ ដែលមានតម្លៃ១ពាន់លានដុល្លារ បានចេញជារូបរាងបណ្ដើរៗហើយ ខណៈព្រលានយន្តហោះថ្មីនេះត្រៀមបើកដំណើរការនៅខែតុលា ខាងមុខនេះហើយ។
តាមការបញ្ជាក់ពីគណៈកម្មការសម្រាប់ការសាងសង់ព្រលាន កាលពីពេលកន្លងទៅបានឲ្យដឹងថា ព្រលានយន្ដអន្ដរជាតិសៀមរាប-អង្គរនេះ នឹងអាចសម្ពោធដាក់ឲ្យដំណើរការផ្លូវការនៅខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។ ខណៈកាលពីខែឧសភា កន្លងទៅថ្មីៗ ការតេស្ដសាកល្បងហោះហើរដំបូងក៏ទទួលបានជោគជ័យរួចហើយដែរ។
សូមជម្រាបផងដែរថា ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ត្រូវបានអនុវត្តន៍ការសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ ១ពាន់លានដុល្លារ។
ព្រលានយន្តហោះអន្ដរជាតិថ្មីនេះ មានទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម មានចម្ងាយប្រមាណជា៥១គីឡូមែត្រពីក្រុងសៀមរាប និងប្រហែលជា៤០គីឡូម៉ែត្រពីប្រាសាទអង្គវត្គ បានចាប់ផ្ដើមដំណើរការសាងសង់កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២០ លើផ្ទៃដីទំហំ ៧០០,០៦ហិកតា និងបែងចែកជា ៣ ដំណាក់កាល។
យោងតាមរបាយការណ៍ ព្រលានយន្ដហោះអន្តជាតិសៀមរាប-អង្គរ គឺស្ថិតក្នុងលំដាប់4E មានផ្លូវរត់ប្រវែង៣,៦០០ម៉ែត្រ ទទឹង ៤៥ម៉ែត្រ មាន៣៨ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយ អ្នកដំណើរជាង ៨ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជា ៧លាននាក់៕
អត្ថបទដោយ៖ ឌឿក ស្រីនុត