ក្រោយទទួលបានការអនុម័តពីរាជរដ្ឋាភិបាល ពេលនេះសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ២៣ និងផ្លូវខេត្ដលេខ៣១២ ដែលមានប្រវែងសរុបជាង ៤០ គីឡូម៉ែត្រនឹងត្រូវបើកការដ្ឋានសាងសង់នៅក្នុងខែមិថុនានេះហើយ។ នេះយោងតាមការចុះផ្សាយពីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។
ជាក់ស្ដែងកាលពីថ្ងៃម្សិលមិញក្រសួងសាធារណការ ក៏បានរៀបចំកិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានលើកកម្រិត និងជួសជុលថែទាំ កំណាត់ផ្លូវទាំង២ខ្សែនេះហើយដែរ ដើម្បីពិនិត្យលើវឌ្ឍនភាពការងារ សម្រាប់រៀបចំពិធីបើកការដ្ឋានទាំងពីរទីតាំងនេះ ឲ្យប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយប្រសិទ្ធភាពការងារខ្ពស់។
សូមជម្រាបជូនថា កំណាត់ផ្លូវខេត្ដលេខ៣១២ (សំរោង-កគោ ព្រំប្រទល់កម្ពុជា-វៀតណាម) មានប្រវែងសរុប ២៨,៣៧២គូឡូម៉ែត្រ ស្ថិតក្នុងស្រុកព្រះស្ដេច ខេត្ដព្រៃវែង ដែលជាគម្រោងលើកកម្រិតបណ្តាញផ្លូវថ្នល់ ជំហានទី២ ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គ្រោងនឹងប្រារព្ធពិធីបើកការដ្ឋានលើកកម្រិត និងជួសជុលថែទាំ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ដោយឡែក ផ្លូវជាតិលេខ២៣ មានប្រវែងសរុប ១៩,៨៣៣គីឡូម៉ែត្រ ចាប់ពីគល់ស្ពានកោះធំ ត្រើយខាងកើត ក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ ដល់ផ្លូវជាតិលេខ១៤ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ដែលជាគម្រោងលើកកម្រិតបណ្តាញផ្លូវថ្នល់ ជំហានទី២ ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គ្រោងនឹងប្រារព្ធពិធីបើកការដ្ឋានលើកកម្រិត និងជួសជុលថែទាំ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទដោយ៖ ឌឿក ស្រី នុត