ដំណឹងល្អ! ផ្លូវថ្មី១ខ្សែតភ្ជាប់ខេត្ដធំ២នេះបានសិក្សាចប់សព្វគ្រប់ ខណៈរង់ចាំតែថ្ងៃបើកការដ្ឋានសាងសង់
Bunthoeun KoemMARCH 21 202351.6 K views

ជាដំណឹងរីករាយមួយសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្ដសៀមរាប និងខេត្ដបាត់ដំបង ខណៈថ្មីៗនេះ មន្ដ្រីជាន់ខ្ពស់របស់ក្រសួងសាធារណការ​ និងដឹកជញ្ជូន បានលើកឡើងថា នឹងធ្វើការសាងសង់ផ្លូវថ្មី១ខ្សែតភ្ជាប់ខេត្ដពីរនេះ ខណៈបច្ចុប្បន្នគម្រោងផ្លូវត្រូវបានសិក្សាចប់សព្វគ្រប់ហើយ នៅឡើយរង់ចាំតែថ្ងៃបើកការដ្ឋានតែប៉ុណ្ណោះ។

យោងតាមប្រសាសន៍របស់ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារការ​បានលើកឡើងនៅក្នុងពិធីប្រគល់-ទទួល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីលានទុកដាក់សំរាម ក្រុងបាត់ដំបងកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣បានបញ្ជាក់ដូច្នេះថា «យើងមានគម្រោងសាងសង់ផ្លូវមួយទៀតពីបាត់ដំបងទៅសៀមរាបតែម្ដង។ ដូច្នេះបើយើងចង់ធ្វើដំណើរទៅសៀមរាប យើងមិនបាច់ធ្វើដំណើរពីបាត់ដំបងទៅសិរីសោភ័ណ្ឌទេ សិរីសោភ័ណ្ឌទៅសៀមរាបទេ យើងធ្វើត្រង់តែម្ដងពីបាត់ដំបងទៅសៀមរាបនេះ។ មានការឯកភាពពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន សិក្សាគម្រោងនេះ»

335622038 907391147256155 4806183680195257703 N

ឯកឧត្ដមទេសរដ្ឋមន្ដ្រីបានបន្ដថា «សូមគោរពរាយការណ៍ជូន គម្រោងនេះបានសិក្សាចប់សព្វគ្រប់ហើយ រង់ចាំថវិកាដើម្បីបើកការដ្ឋានសាងសង់។ ដូច្នេះអ្នកទេសចរណ៍ដែលមកទស្សនាអង្គរវត្ដ ហើយចង់ទស្សនាប្រសាទបាណន់មិនបាច់ធ្វើដំណើរឆ្ងាញឆ្លងកាត់១០០គីឡូម៉ែត្រ ពុំបាច់វាងតាមសិរីសោភ័ណ្ឌទេ។ នេះជាសមិទ្ធផលថ្មីមួយទៀតអ្នកបាត់ដំបងនឹងទទួលបាន»

សូមជម្រាបផងដែរថា នៅពេលការសាងសង់រួចរាល់ផ្លូវមួយនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋទៅមកខេត្ដទាំង ២ ដោយចំណេញចម្ងាយធ្វើដំណើររហូតដល់ ៨០ គីឡូម៉ែត្រ និងជួយកាត់បន្ថយថ្លៃធ្វើដំណើរបានយ៉ាងច្រើនផងដែរ៕

អត្ថបទ៖ កឹម ប៊ុនធឿន

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia