ខេត្ដមណ្ឌលគិរី ទទួលបានគម្រោងវិនិយោគថ្មីចំនួន ៥ តម្លៃសរុប ១២៣ លានដុល្លារ
Bunthoeun KoemJANUARY 14 2026739 views

ដំណឹងល្អសម្រាប់អ្នកខេត្តមណ្ឌលគីរី ខណៈខេត្ដនៅភូមិភាគឦសានមួយនេះទទួលបានគម្រោងវិនិយោគថ្មីៗចំនួន ៥ ដែលមាននៅក្នុងវិស័យកសិកម្ម និង ទេសចរណ៍ មានទុនវិនិយោគសរុបប្រមាណ ១២៣ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ ប្រមាណ ១ ៧០០ កន្លែង ។

 

ក្នុងនោះដែរនៅថ្ងៃទី ៩-១១ ខែ មករា ឆ្នាំ ២០២៦ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគនៅភូមិភាគឦសាន (ក.វ.ឦសាន) បានដឹកនាំកិច្ចពិភាក្សាលើគម្រោងវិនិយោគ ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី និង ចុះពិនិត្យទីតាំងជាក់ស្តែងនៃគម្រោងវិនិយោគផងដែរ។

 

56 F74500 A424 457 a 94 A6 4529 F5 A

 

ក្នុងកិច្ចប្រជុំនេះ, ឯកឧត្តម អនុប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគនៅភូមិភាគឦសាន (ក.វ.ឦសាន) បានសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការ «ច្រកចេញចូលតែមួយ» ក្នុងការសម្របសម្រួលក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីពន្លឿនការអនុវត្តនីតិវិធីវិនិយោគ និង ផ្តល់នូវដំណោះស្រាយជាកញ្ចប់ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ។ ក្នុងន័យនេះ, ក.វ.ឦសាន នឹងបន្តរក្សាទំនាក់ទំនងជាប្រចាំជាមួយវិនិយោគិននៅទូទាំងខេត្តទាំងបួននៃភូមិភាគឦសាន ដើម្បីជំរុញការវិនិយោគកែច្នៃបង្កើនតម្លៃបន្ថែម, និង បន្តផ្សព្វផ្សាយពីសក្តានុពលវិនិយោគរបស់ខេត្តមណ្ឌលគិរី និង ភូមិភាគឦសាន ជាពិសេសកត្តាអំណោយផលដ៏ធំធេងនៃតំបន់នេះ សម្រាប់ផលិតកម្ម និងការកែច្នៃ ក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និង ទេសចរណ៍ ។​

 

613449689 122152607180823197 8015613473583235 N

 

បន្ទាប់ពីកិច្ចប្រជុំខាងលើ, ក្រុមការងារបានចុះពិនិត្យទីតាំង និង ជួបពិភាក្សាផ្ទាល់ជាមួយតំណាងក្រុមហ៊ុននៃគម្រោងទាំង ៥ ដែលវិនិយោគលើការដាំដុះ និងកែច្នៃកៅស៊ូ និង កាហ្វេ និង ការអភិវឌ្ឍតំបន់ទេសចរណ៍ពិសិដ្ឋ នៅតាមទីតាំងគម្រោងវិនិយោគជាក់ស្តែង ដែលបានស្នើសុំ ដើម្បីពិនិត្យ និង ពិភាក្សាលើទិដ្ឋភាពបច្ចេកទេសនៃគម្រោង ក៏ដូចជា សំណើ និង បញ្ហាប្រឈមដែលក្រុមហ៊ុនបានលើកឡើង ។

 

615344584 122152607132823197 4587678529092836495 N

 

ជាមួយគ្នានេះ, ឯកឧត្តម ក៏បានដឹកនាំក្រុមការងារ ដើម្បីចុះជួបវិនិយោគិនដល់ទីតាំងផ្ទាល់ ដើម្បីពិភាក្សា ពិគ្រោះយោបល់ និងស្តាប់ពីកង្វល់ ក៏ដូចជាបញ្ហាប្រឈមនានា និងសំណូមពរ របស់ក្រុមហ៊ុន ចំនួន ២ រួមមាន៖

១. ក្រុមហ៊ុន វាសនា កសិកម្ម ដាំដុះដំណាំកៅស៊ូ ស្វាយចន្ទី នៅ ឃុំរយ៉ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី

២. ក្រុមហ៊ុន ណេង ណា ដាំដុះដំណាំកៅស៊ូ ស្វាយចន្ទី ប្រេងខ្យល់ នៅឃុំរយ៉ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី៕

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia