ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជាទាំងការចុះបញ្ជីរដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទាំងការចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត មានចំនួន ៤២ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១៦៦លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារសរុបប្រមាណ ២៤ពាន់កន្លែង។ នេះយោងតាមរបាយការណ៍របស់គណៈកម្មាធិការវិនិយោគកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។
ក្នុងចំណោមគម្រោងវិនិយោគទាំង៤២នេះ មានគម្រោងចំនួន ១៨ ត្រូវបានចុះបញ្ជីដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៩គម្រោង និងក្នុងតំបន់សេដ្ឋកិច្ចពិសេស ចំនួន ៩គម្រោង) និងគម្រោងចំនួន ២៤ ត្រូវបានចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។ គម្រោងវិនិយោគ ដែលត្រូវ បានចុះបញ្ជីក្នុងខែកុម្ភៈ ឆ្នាំ២០២៦នេះ មានជាអាទិ៍ គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប, ផលិតកេសកាតុងនិងផលិតផលពីក្រដាស, ផលិតគ្រឿងសង្ហារឹមសម្រាប់ប្រើប្រាស់ ក្នុងផ្ទះ, ផលិតសម្ភារៈបោះជំរុំ, កែច្នៃសំណប៉ាហាំង, ផលិតក្តារបន្ទះ, ផលិតចំណៀរឈើ, កែច្នៃលោហធាតុ និងផលិតផលពីប្លាស្ទិក, ផលិតសារធាតុគីមី, ផលិតដើមណូអែល, ផលិតនិងផ្តុំដំឡើងក្បាលរ៉ូប៊ីណេ, ផលិតគ្រឿងបង្គំបន្ទះសូឡានិងគ្រឿងបង្គំបរិក្ខារអគ្គិសនី។ល។
យ៉ាងណាក្នុងចំណោមគម្រោងទាំង ៤២ នេះ គឺខេត្ដកំពង់ស្ពឺទទួលបាន ៩ គម្រោង ខេត្ដព្រះសីហនុ ៨ គម្រោង ខេត្ដតាកែវ ៨ គម្រោង ខេត្ដកណ្ដាល ៦ គម្រោង រាជធានីភ្នំពេញ ៥ គម្រោង ខេត្ដស្វាយរៀង ៤ គម្រោង ខេត្ដកោះកុង ១ គម្រោង និងខេត្ដកំពង់ឆ្នាំងចំនួន ១ គម្រោងផងដែរ៕



