ជាដំណឹងល្អរីករាយមួយសម្រាប់អ្នកខេត្ដព្រះសីហនុ ខេត្ដកំពង់ឆ្នាំង និងខេត្ដកំពង់ស្ពឺ ដោយខេត្ដទាំង ៣ នេះទទួលបានគម្រោងវិនិយោគថ្មីតម្លៃសរុបជាតិ ១០០ លានដុល្លារ និងអាចបង្កើតឱកាសការងារបានជាច្រើនកន្លែងជូនប្រជាពលរដ្ឋកម្ពុជា។ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ គម្រោងវិនិយោគទាំងនោះរួមមាន៖
១. ខេត្ដព្រះសីហនុ
ខេត្ដព្រះសីហនុ ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតចំណីសត្វ ដែលមានទីតាំងស្ថិតនៅក្នុងស្រុក ព្រៃនប់។ គម្រោងនេះមានទុនវិនិយោគសរុបចំនួន ២០ លានដុល្លារ ហើយនៅពេលបើកដំណើរការ ក៏នឹងបង្កើតឱកាសការងារចំនួន ៨០៩ កន្លែងជូនពលរដ្ឋនៅក្នុងតំបន់ផងដែរ។
២. ខេត្ដកំពង់ឆ្នាំង
ចំពោះខេត្ដកំពង់ឆ្នាំងវិញគឺទទួលបានគម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អនុភាព ១០០ មេហ្គាវ៉ាត់ ដែលមានទីតាំងស្ថិតនៅស្រុកទឹកផុស។ គម្រោងវិនិយោគនេះថ្មីមានទុនសរុប ៤២ លានដុល្លារ ហើយពេលបើកដំណើរការ នឹងអាចបង្កើតឱកាសការងារបានចំនួន ៩១ កន្លែងផងដែរ។
៣. ខេត្ដកំពង់ស្ពឺ
សម្រាប់ខេត្ដកំពង់ស្ពឺឯណេះវិញ គឺទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតផលិតផលវាយនភណ្ឌ ដែលមានទីតាំងស្ថិតនៅ តំបន់សេដ្ឋកិច្ចពិសេស កំពង់ស្ពឺ ជីន ឆឹង អ៊ិនធើណេសិនណល។ ខណៈគម្រោងនេះ គឺមានទុនវិនិយោគសរុបចំនួន ២២ លានដុល្លារ និងអាចបង្កើតឱកាសការងារបានចំនួន ៨១ កន្លែងជូនពលរដ្ឋក្នុងតំបន់ផងដែរ នៅពេលដែលរោងចក្របើកដំណើរការ។
សូមជម្រាបផងដែរថា នៅក្នុងខែ តុលា ឆ្នាំ ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ដ បានអនុម័យគម្រោងវិនិយោគសរុបចំនួន ៣៧ គម្រោង មានទុនវិនិយោគសរុបប្រមាណ ២៤៦ លានដុល្លារ និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានប្រមាណ ១៩ ០០០ នាក់ឯណោះ៕


