កំណាត់ផ្លូវជាតិលេខ២៣ (NR23) ប្រវែង ១៩,៨ គីឡូម៉ែត្រ មានទទឹងតួផ្លូវ ១១ម៉ែត្រ ចាប់ពីគល់ស្ពានកោះធំត្រើយខាងកើត ស្ថិតក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ (PK0+000) ដល់ផ្លូវជាតិលេខ ១៤ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល (PK19+800) សម្រេចការស្ថាបនាបានរួចរាល់១០០% ហើយកាលពីដើមខែតុលា ឆ្នាំ២០២៥នេះ។ នេះបើតាការចេញផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

ខ្សែផ្លូវជាតិដ៏សំខាន់នេះ ឆ្លងកាត់ឃុំចំនួន៤ គឺឃុំជ្រោយតាកែវ ឃុំកំពង់កុង ឃុំលើកដែក ស្រុកកោះធំ និងឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានស្ថាបនាឡើង ដែលជាផ្នែកមួយចម្បង និងជាផ្លូវយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ព្រមទាំងផ្តល់អាទិភាពក្នុងការជួយសម្រួលដល់ការធ្វើចរាចណ៍របស់បងប្អូនពលរដ្ឋ។

សូមជម្រាបជូនថា គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ ២៣ រួមមាន៖ ការពង្រីកផ្លូវឱ្យមានទទឹងកាន់តែធំ ការងារសាងសង់ និងជួសជុលដោយចាក់ក្រាលកៅស៊ូ AC ការរចនាចិញ្ចើមផ្លូវការរៀបចំប្រព័ន្ធលូបង្ហូរទឹក (U-drain) ត្រង់ចំណុចសំខាន់ៗ ការរៀបចំជើងទេរដែលមានភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ និងភាតរៈបរិស្ថាន (Climate Friendly) និងការងារថែទាំខួបសម្រាប់រយៈពេល ៣ឆ្នាំ បន្ទាប់ពីការងារសាងសង់ត្រូវបានបញ្ចប់៕




