ស្ពានអាកាសកម្ពស់ ២ ជាន់ដែលកំពុងសាងសង់នៅចំណុចប្រសព្វរវាងមហាវិថី សម្ដេចតេជោ ហ៊ុន សែន (៦០ម៉ែត្រ) មហាវិថីព្រះមុនីវង្ស និងមហាវិថីកងយោធពលខេមរភូមិន្ទ ស្ថិតនៅខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានរាជរដ្ឋាភិបាលសម្រេចប្រសិទ្ធនាមឈ្មោះថា «ស្ពានអាកាស មរតកតេជោ»។ នេះយោងតាមតាមសេចក្ដីប្រកាសរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។
សូមជម្រាបថា ស្ពានកាសមរតកតេជោ នេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២។ ការសាងសង់ស្ពានអាកាសថ្មីនេះ គឺជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ និងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដែលចំណេញថវិកាប្រមាណ ៣៦ លានដុល្លារ។
គម្រោងស្ពានអាកាស ព្រះមុនីវង្ស មានសាងសង់ផ្លូវផ្ទាល់ដី ដែលមានរង្វង់មូលបែងចែកទិស និងផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។ បន្ទាប់មកសាងសង់ស្ពានអាកាសចំនួនពីរជាន់។ ស្ពានអាកាសជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពល ខេមរភូមិន្ទ។
ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាងមហា វិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន។ ស្ពានអាកាសនេះត្រូវបានចែកចេញជា ២ ដំណាក់ាកាល ដោយដំណាក់កាលទី១ គ្រោងបញ្ចប់មុនបុណ្យចូលឆ្នាំខ្មែរ (២០២៤) និងដំណាក់កាលទី២ គ្រោងបញ្ចប់នៅមុនបុណ្យចូលឆ្នាំខ្មែរ (២០២៥)៕