ដូចប្រិយមិត្ដបានដឹងរួចមកហើយថា ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ត្រូវបានផ្អាកដំណើរការហោះហើរចាប់តាំងពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២៥ មក បន្ទាប់ពីប្រតិបត្ដិការហោះហើរត្រូវបានប្ដូរទៅកាន់ព្រលានយន្ដហោះអន្ដរជាតិតេជោ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល បានបើកដំណើរការ។
ជាក់ស្តែង នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មន្ទីរពេទ្យហ្លួងម៉ែ» នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចធិបតីបានមានប្រសាសន៍ថា ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ (ពោធិ៍ចិនតុង) នឹងត្រូវបានរៀបចំដាក់ទៅខាងមុខ ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង » ដោយយើងនៅតែរក្សាឈ្មោះដើម ដើម្បីរំលឹកដល់ប្រវត្តិសាស្រ្តរបស់ទីតាំងនេះ។

សម្តេចធិបតីបានបញ្ជាក់យ៉ាងដូច្នេះថា រាជរដ្ឋាភិបាលកំពុងតែរៀបចំទីតាំងព្រលានយន្តហោះពោធិ៍ចិនតុង ឲ្យក្លាយទៅជាទីធ្លាសាធារណៈសម្រាប់ប្រជាពលរដ្ឋ ហើយទីតាំងនេះមានអគារប្រវត្តិសាស្រ្តចំនួន២ គឺអគារស្ថានីយចាស់ និងអគារ Tower ដែលកំពុងរៀបចំនិងអភិរក្ស ដោយបរិវេណជុំវិញកំពុងដាំដើមឈើ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីត្រៀមបើកឲ្យប្រជាពលរដ្ឋចូលកម្សាន្ត និងហាត់ប្រាណ៕



