ជាដំណឹងរីករាយសម្រាប់អ្នកខេត្ដបាត់ដំបង ពិសេសអាជីវករដែលជាអ្នករកស៊ីនៅផ្សារបឹងឈូក ខណៈសម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសសាងសង់ផ្សារថ្មីជូនវិញ បន្ទាប់ពីផ្សារមួយនេះត្រូវបានឆេះកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។
ការសម្រេចសាងសង់ផ្សារនេះ ដោយសារតែម្ចាស់វិនិយោគផ្សារខាងលើពុំមានលទ្ធភាពនៅក្នុងការសាងសង់បន្ដ។ ដូច្នេះរាជរដ្ឋាភិបាលក៏បានសម្រេចចរចាយកផ្សារនេះត្រឡប់មកវិញ និងធ្វើការវិនិយោគសាងសង់ថ្មីជូនអាជីវកម្ម ដើម្បីប្រកបអាជីវកម្មរបស់ខ្លួនបន្ដទៅទៀត។
ថ្លែងនៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ សមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចបានមានប្រសាសន៍ថា «រដ្ឋគឺយកមកវិញពីវិស័យឯកជន ដោយសារតែគាត់អត់មានលទ្ធភាពធ្វើទៅទៀតនោះទេ។ ហើយខ្ញុំបានផ្ដល់គោលការណ៍បើគាត់ធ្វើអត់បានទេ ប្រជាពលរដ្ឋធ្វើអីក៏អត់បានដែរ»។ សម្ដេចបន្ដថា «ប៉ុន្មានថ្ងៃនេះទាំងឯកឧត្ដម កើត រិទ្ធ និងឯកឧត្ដម សុខ លូ បានចរចាជាមួយផ្សារ គាត់បានឯកភាពថាឥឡូវគាត់ទៅអត់រួច ហើយរដ្ឋយកមកវិញ រដ្ឋវិនិយោគ ហើយខ្ញុំសម្រេចថារដ្ឋនឹងធ្វើជូនទៅឲ្យវិញដើម្បីបានលក់ដូរ»។
សម្ដេចបន្ថែមថា ចំពោះអាជីវករដែលជួលតូបពីក្រុមហ៊ុនម្ចាស់ដើម (មិនមែនអ្នកជួលបន្ដ) ទាំងជាន់ផ្ទាល់ដី ជាន់ទី១ និងផ្សារតូចនៅខាងក្រោយ គឺរាជរដ្ឋាភិបាលនឹងផ្ដល់សិទ្ធិកាន់កាប់អាស្រ័យផលលើតូបលក់ដូរនេះអស់មួយជីវិតតែម្ដង។ ដោយក្នុងនោះពុំចាំបាច់មានការបង់ថ្លៃជួលប្រចាំខែទៀតនោះទេ លើកលែងតែការបង់ថ្លៃសេវាសម្អាត សន្ដិសុខ គឺនៅអនុវត្ដធម្មតា។ ចំពោះអ្នកជួលបន្ដនៅជាន់ទី១ដែលឆេះ ចំនួន ២៥ នាក់គឺផ្ដល់ជូនតូបនៅផ្សារខាងក្រោយជំនួសវិញ។ ដោយឡែកសម្រាប់អ្នកជួលបន្ដនៅជាន់ក្រោយដែលអត់មានឆេះ និងអ្នកជួលបន្ដនៅខាងក្រោយ សម្ដេចបានសូមសុំឲ្យរដ្ឋបាលខេត្ដពិភាក្សាជាមួយអាជីវករថាត្រូវជួយពួកគាត់យ៉ាងម៉េច។
សម្រាប់ការសាងសង់វិញ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានផ្ដល់គោលការណ៍ឲ្យធ្វើតាមទម្រង់ដើម តូបទំហំប៉ុណ្ណា ត្រូវធ្វើប៉ុណ្ណឹង ចំនួនតូបប៉ុន្មានត្រូវធ្វើប៉ុណ្ណឹងវិញ មិនត្រូវខ្វះឬក៏លើសនោះឡើយ។ ហើយការងារសាងសង់ផ្សារថ្មីនេះសម្ដេចបានប្រគល់ភារកិច្ចទៅដល់ឯកឧត្ដម ខេង សាម៉េត ទទួលខុសត្រូវលើដំណើរការសាងសង់ផងដែរ៕