ព្រលានយន្ដហោះអន្តរជាតិសៀមរាបអង្គរ នឹងចាប់ផ្តើមបើកដំណើការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះហើយ។ នេះបើតាមការលើកឡើងពីឯកឧត្ដម ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនៅក្នុងឱកាសដែលសមាគមទេសចរណ៍កម្ពុជា (CATA)ធ្វើទស្សនកិច្ចនៅព្រលានយន្ដហោះខាងលើកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។
ឯកឧត្តមបន្តថា នៅពេលដែលព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរនេះចាប់ដំណើការ គេរំពឹងថា វានឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យទេសចរណ៍។
លោក LU Wei ប្រធានក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) ដែលជាក្រុមហ៊ុនដែលសាងសង់ព្រលានយន្ដហោះនេះ បានថ្លែងដែរថា ព្រលានយន្ដហោះអន្ដរជាតិសៀមរាប-អង្គរ នឹងជំរុញការអភិវឌ្ឍអាកាសចរណ៍ ផ្ដល់ភាពស្រួលដល់ភ្ញៀវដែលមកទស្សនាប្រាសាទអង្គរវត្តដ៏អស្ចារ្យ ជាពិសេសទាក់ទាញភ្ញៀវទេសចរចិនមកកាន់ប្រទេសកម្ពុជាបង្កើនទំនាក់ទំនង់រវាងប្រទេស ចិន និងប្រទេសកម្ពុជាជំរុញការអភិវឌ្ឍវិស័យទេសចរណ៍។
សូមជម្រាបថា ព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរនេះជាប្រភេទ 4E សាងសង់លើផ្ទៃដីសរុបប្រមាណ ៧០០ ហិកតា មានទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម សៀមរាប។ ព្រលានយន្ដថ្មីនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយចំណាយថវិកាសាងសង់ចំនួន ៨៨០ ពាន់លានដុល្លារ។
គម្រោងព្រលានដ៏ធំនេះត្រូវបានចែកចេញជា ៣ ដំណាក់កាល ដោយដំណាក់កាលទី១នេះ អាចមានសមត្ថភាពទទួលអ្នកដំណើរប្រមាណ ៧លាននាក់ក្នុងមួយឆ្នាំ។ នៅក្នុងដំណាក់កាលទី២ អាចទទួលអ្នកដំណើរដល់ ១០លាននាក់ក្នុងមួយឆ្នាំ ហើយដំណាក់កាលទី៣ អាចទទួលអ្នកដំណើរបានរហូតដល់ ២០លាននាក់នៅក្នុងមួយឆ្នាំ៕


