អ្នកមានដីត្រៀម! គម្រោងតំបន់សេដ្ឋកិច្ចពិសេសតម្លៃសរុបជិត២០០លានដុល្លារ នឹងលេចឡើងនៅខេត្ដ២នេះ
Bunthoeun KoemNOVEMBER 13 202510.2 K views

គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ នឹងលេចរូបរាងលើនៅស្រុកជុំគីរី ខេត្តកំពត ១ កន្លែង និងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ១ កន្លែង នាពេលខាងមុខ ខណៈបច្ចុប្បន្នគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកំពុងពិនិត្យលើការស្នើសុំវិនិយោគ។ នេះបើយោងតាមការចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ 

 

ជាក់ស្ដែងកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញ-ចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទាំង ២ ខាងលើ ដែលមានការអញ្ជើញចូលរួមក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងពីសំណាក់តំណាងក្រសួង-ស្ថាប័ន ព្រមទាំងរដ្ឋបាលខេត្តពាក់ព័ន្ធ។

 

579874097 1303400531818210 2662932101279562646 N

 

គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសទាំងពីរនេះ មានទុនវិនិយោគសរុបប្រមាណ ១៩៥ លានដុល្លារ នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការស្រូបយកគម្រោងវិនិយោគមកបណ្តាក់ទុននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងនេះ, ព្រមទាំងអាចបង្កើតការងារលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ, បង្កើនផលិតផលក្នុងស្រុក, បង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។

 

579006088 1303402345151362 1634248787334027359 N

 

សូមជម្រាបថា ក្នុងរយៈពេល១០ខែនៃ ឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៧៥ គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៩,២ ពាន់លានដុល្លារ។ ក្នុងនោះគម្រោងវិនិយោគមានការកើនឡើងចំនួន ២២៩គម្រោង ស្មើនឹងប្រមាណ ៦៦% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជិត ៣,៧ ពាន់លានដុល្លារ ស្មើនឹងប្រមាណ ៦៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានគម្រោងវិនិយោគត្រឹមតែ ៣៤៦គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៥ ពាន់លានដុល្លារ៕

 

581673720 1303402375151359 7800489222551266310 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia