រាជរដ្ឋាភិបាលបានសម្រេចបង្កើតក្រុងថ្មីមួយទៀតនៅក្នុងខេត្ដសៀមរាបដែលមានឈ្មោះថា ក្រុងរុនតាឯកតេជោសែន។ ហើយក្រុងថ្មីនេះ នឹងកាត់យកឃុំចំនួន ២ រួមមាន៖ ឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្គ ពីស្រុកប្រាសាទបាគង។
យោងតាមអនុក្រឹត្យស្ដីរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា ក្រុងរុនតាឯកតេជោសែន នេះគឺមានសង្កាត់ចំនួន ២ គឺសង្កាត់រុនតាឯក និងសង្កាត់បល្ល័ង្គ។ ចំពោះទីតាំងរដ្ឋបាលក្រុងរុនតាឯកតេជោសែននេះ ត្រូវស្ថិតនៅក្នុងសង្កាត់រុនតាឯក ខណៈទីតាំងរដ្ឋបាលស្រុកបន្ទាយស្រី ត្រូវស្ថិតនៅក្នុងឃុំខ្នារសណ្ដាយវិញ។
ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងរុនតាឯកតេជោសែន ត្រូវអនុលោមតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យលេខ១៨២ អនក្រ.បក ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ស្ដីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង។
ចំពោះការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងរុនតាឯកតេជោសែន ត្រូវអនុលោមតាមមាត្រា១៨ថ្មី នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ និងមាត្រា៣ថ្មី នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ដ ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ៕


