ក្រោយសាងសង់រយៈពេលជាង ១ ឆ្នាំ ពេលនេះអគារទីស្ដីការក្រសួងមហាថ្មី នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះហើយ។ នេះបើយោងតាមការលើកឡើងពីឯកឧត្តមសន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិកាប្រចាំក្រសួងមហាផ្ទៃបានលើក ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីសម្ពោធអគារទីស្ដីការក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី១៨ ខែកញ្ញានេះ។
ឯកឧត្តមសន្ដិបណ្ឌិតបានថ្លែងថា តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានណែនាំឱ្យត្រៀមសម្រាប់រៀបចំពិធីសម្ពោធអគារទីស្ដីការក្រសួងមហាផ្ទៃ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ។
ឯកឧត្តមសន្ដិបណ្ឌិតបន្ដថា តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង នាពេលកន្លងទៅ សម្ដេចក្រឡាហោម បានយកចិត្តទុកដាក់ចំពោះការងារសាងសង់ និងរៀបចំពិធីសម្ពោធអគារទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះ ដោយធ្វើយ៉ាងណារៀបចំពិធីនេះឡើង ដោយអធិកអធម ដើម្បីឱ្យសាកសមទៅនឹងអគារថ្មីនេះ។
គួរជម្រាបថា អគារទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម និងលោកជំទាវ។ អគារនេះមានទំហំ ១៥៣ម៉ែត្រ គុណ ៨៣ម៉ែត្រ មាន ៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត សាងសង់ដោយក្រុមហ៊ុន គីមិច ក្រុមហ៊ុន គីម ម៉ិច ខនស្ត្រាក់សិន អ៊ិនវេសមេន និងចំណាយថវិកាចំនួន ៦០ លានដុល្លារ។
អគារស្ថាប័នរដ្ឋ ដ៏ធំស្កឹមស្កៃមួយនេះ ត្រូវបានសាងសង់ឡើងនៅលើទីតាំងចាស់ ហើយចំពោះប្លង់ស្ថាបត្យកម្ម ជាប្រភេទស្ថាបត្យកម្ម ក្លាសិក រចនាបទខ្មែរដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួន ប្រាំ លំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ អនុលោមតាមគោលការណ៍សមមាត្រនៃរូបរាងអគារ និងគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ និងខ្យល់ធម្មជាតិ ប្រកបដោយផាសុខភាព ស័ក្តិសមជាទីកន្លែង ធ្វើការបែបសម័យទំនើប៕