ស្ពានប្រវែង វែងជាងគេនៅកម្ពុជាដែលមានសរុបជាង ៣ គីឡូម៉ែត្រ នឹងត្រូវសាងសង់ឆ្លងកាត់ទន្លេសាបតភ្ជាប់ពីខេត្ដកំពង់ឆ្នាំងទៅខេត្ដកំពង់ធំនាពេលខាងមុខ។ នេះបើយោងតាមការបញ្ជាក់ពីមន្ដ្រីរាជរដ្ឋាភិបាលកាលពីពេលថ្មីៗកន្លងទៅនេះ។
តាមការលើកឡើងពីឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ដកំពង់ឆ្នាំងគម្រោងស្ពានឆ្លងកាត់ទន្លេសាបនេះមានប្រវែង ៣.៩ គីឡូម៉ែត្រ ប៉ុន្ដែតាមការបញ្ជាក់ចុងក្រោយពីឯកឧត្ដមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ការសិក្សាដូរទីតាំងថ្មីស្ពាននេះមានប្រវែង ៣.៣ គីឡូម៉ែត្រ។
ថ្លែងនៅក្នុងពិធីអញ្ជើញចុះពិនិត្យទីតាំងសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង កាលពីខែមីនា ឆ្នាំ២០២៣ ឯកឧត្ដមទេសរដ្ឋមន្ដ្រីបានមានប្រសាសន៍ថា «ឯកឧត្ដមអភិបាលខេត្ដលើកឡើងមិញស្ពាន ៣.៩ គីឡូម៉ែត្រ ប៉ុន្ដែឥឡូវយើងដូរទីតាំងតែ ៣.៣ គីឡូម៉ែត្រទេ ប៉ុន្ដែជាស្ពានវែងជាងគេបំផុតនៅកម្ពុជាយើង ៣.៣គីឡូនេះឯង»។
សូមជម្រាបថា គម្រោងស្ពានដ៏វែងនេះ គឺស្ថិតនៅក្នុងគម្រោងសាងសង់ផ្លូវ ៥០C ដែលមានប្រវែង ៥៨ គីឡូម៉ែត្រ។ ក្នុងនោះបើតាមការលើកឡើងបន្ថែមរបស់ឯកឧត្ដមនៅក្នុងការអញ្ជើញចុះពិនិត្យលទ្ធភាពក្នុងការលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ ៤៨ កាលពីថ្ងៃទី២២ ខែមីថុនា បានឲ្យដឹងថា ផ្លូវ និងស្ពាន ដ៏វែងនេះនឹងសាងសង់នៅក្នុងឆ្នាំ២០២៤ ខាងមុខនេះផងដែរ។ តាមការប៉ានស្មាន គម្រោងនេះត្រូវចំណាយថវិកាសរុប ២៥០ លានដុល្លារ ក្នុងចំណាយលើផ្លូវ ១៥០ លានដុល្លារ និងស្ពានចំនួន ១០០ លានដុល្លារ។
គួរជម្រាបផងដែរថា បច្ចុប្បន្នស្ពានដែលវែងជាងគេនៅក្នុងប្រទេសកម្ពុជា គឺស្ពានត្សឹបាសា ឬស្ពានអ្នកលឿន ដែលមានប្រវែងសរុប ២ ២១៥ ម៉ែត្រ សាងសង់ឆ្លងកាត់ទន្លេងមេគង្គ ភ្ជាប់ពីខេត្តកណ្តាល ទៅខេត្តព្រៃវែង និងឆ្ពោះទៅខេត្តស្វាយរៀង៕
រូបតំណាង