រាជរដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ជំនួនឥសំណងនៅក្នុងការសាងសង់ស្ពានថ្មីមួយកន្លែងស្ថិតនៅក្នុងខេត្ដស្ទឹងត្រែងដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ជាក់ស្ដែងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង, លោក សួង ហ៊ី អភិបាលនៃគណ:អភិបាល ស្រុកសៀមបូក និង លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជាមួយ លោក តានិណៃ អ៊ុំឈិតុម៉ុ ភារធារីស្តីទីនៃស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើជំនួយខាងលើ។
សូមជម្រាបជូនថា គម្រោងសាងសង់ស្ពានបេតុងថ្មីនេះមានប្រវែង ២៥ ម៉ែត្រ និងទទឹង ៦ ម៉ែត្រ មានទីតាំងស្ថិតនៅឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដោយប្រើប្រាស់ថវិកាចំនួន ១៦៨ ២៧៦ ដុល្លារអាមេរិក។ ស្ពាននេះសាងសង់ឡើងដើម្បីជំនួសឱ្យស្ពានឈើចាស់ ដែលបានពុកផុយ រងការខូចខាត និងគ្មានសុវត្ថិភាព ដោយសារចំនួនរថយន្តធុនធ្ងន់ឆ្លងកាត់ច្រើន បណ្ដាលឱ្យមានការបាក់ស្រុត ជាហេតុបង្កឱ្យមានការលំបាកជាច្រើនដល់ប្រជាជនក្នុងមូលដ្ឋាន ក្នុងការធ្វើដំណើរឆ្លងកាត់ទៅសាលារៀន កន្លែងធ្វើការ មន្ទីរពេទ្យ ជាពិសេសការដឹកជញ្ជូនកសិផល របស់ប្រជាពលរដ្ឋទូទៅ ។
ស្ពានបេតុងថ្មីនេះ នឹងផ្ដល់សារៈសំខាន់យ៉ាងខ្លាំងសម្រាប់សកម្មភាពសេដ្ឋកិច្ច ព្រោះស្ពាននេះជាបណ្ដាញតភ្ជាប់ផ្លូវនៃតំបន់សេដ្ឋកិច្ចទី១ ដែលខេត្តស្ទឹងត្រែងបានកំណត់ ក្នុងនោះក៏បានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ ២ ៨០០ នាក់ ក្នុងភូមិចំនួន៤ ស្ថិតនៅជុំវិញភូមិសាស្ដ្រខាងលើ តាមរយៈការបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព ដើម្បីទទួលបានសេវាសាធារណៈល្អប្រសើរ ទាន់ពេលវេលា សកម្មភាពដឹកជញ្ជូនកសិផល និងសកម្មភាពសេដ្ឋកិច្ចនានា ដើម្បីបង្កើនប្រាក់ចំណូល ដែលជាការរំពឹងថានឹងជួយកែលម្អ និងលើកកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕