ឯកឧត្ដម ស៊ុន ចាន់ថុល បញ្ជាក់ច្បាស់ៗពីប្រភេទស្ពានដែលត្រូវសាងសង់តភ្ជាប់ពីភ្នំពេញទៅអរិយក្សត្រ
Bunthoeun KoemOCTOBER 13 202215.4 K views

គម្រោងស្ពានឆ្លងកាត់ទន្លេសាប ទន្លេមេគង្គ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រ ដែលជាស្ពានមិត្ដភាពដំបូងរវាងកម្ពុជា​និងកូរ៉េ ត្រូវបានរាជរដ្ឋាភិបាលកំណត់ទីតាំងសាងសង់រួចហើយ។ ហើយនៅពេលថ្មីៗនេះផងដែរ ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបញ្ជាក់ពីប្រភេទស្ពានដែលត្រូវសាងសង់ដូចគ្នា។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពិសោធន៍តេជោសែន សាធារណការ កម្ពុជា-កូរ៉េ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានឲ្យដឹងថា គម្រោងស្ពានខាងលើនេះនឹងត្រូវសាងសង់ជាប្រភេទស្ពានខ្សែកាប្លិ៍ ដែលជាស្ពានទំនើបនៅក្នុងរាជធានីភ្នំពេញ។ យោងតាមប្រសាសន៍របស់ឯកឧត្ដមបានបញ្ជាក់ថា «បន្ដិចទៀតយើងមានស្ពានមិត្ដភាពកម្ពុជា-កូរ៉េ ឆ្លងទន្លេសាបពីផ្សាររាត្រី ហើយស្ពានឆ្លងទន្លេមេគង្គទៅអរិយក្សត្រថែមទៀតផង ដែលជាស្ពានទំនើប ជាប្រភេទស្ពានយោងខ្សែកាប្លិ៍ នៅរាជធានីភ្នំពេញរបស់យើងផងដែរ»។

សូមជម្រាបផងដែរ សម្រាប់ទីតាំងសាងសង់ស្ពានដ៏សំខាន់នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចជ្រើសរើសការសាងសង់ពីផ្សាររាត្រី ទៅជ្រោយចង្វារ ១ ហើយ១ ទៀត បន្ដពីជ្រោយចង្វារទៅអរិយក្សត្រ ពោលគឺមានស្ពានចំនួន២ ។ តាមប្រសាសន៍បញ្ជាក់របស់សម្ដេចកាលពីពេលកន្លងទៅបានឲ្យដឹងថា ការធ្វើដូច្នេះនឹងជួយសម្រួលចរាចរស្ពានជ្រោយចង្វារបច្ចុប្បន្ន បានមួយកម្រិត ហើយទីក្រុងនឹងមានសោភណភាពជាងមុនទៀតផង៕

អត្ថបទ៖ កឹម ប៊ុនធឿន

310473356 417632113881122 4055550417641991053 N

 

 

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia