ដំណឹងល្អ! ស្ពានថ្មីប្រវែងជិត​ ២ គីឡូម៉ែត្រគ្រោងដាក់ដំណើរការបណ្ដោះអាសន្ននៅពេលបុណ្យភ្ជុំបិណ្ឌ
Bunthoeun KoemJULY 8 2025573 views

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ គ្រោងនឹងដាក់ដំណើរការបណ្តោះអាសន្ន ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

514409905 1049432797367714 4828610154766568919 N

ប្រភពដដែលបានបញ្ជាក់ថា កាលពីទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានញ្ជើញចូលរួមពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានចុងក្រោយ “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” ក្រោមអធិបតីភាព ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពី ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តក្រចេះ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ប្រធានក្រុមហ៊ុន SCG និង WACC មន្រ្តីរាជការ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស កម្មករ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធជាច្រើនរូបទៀត។

ពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានចុងក្រោយ “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” ប្រារព្ធឡើងដើម្បីត្រៀមបើកឱ្យឆ្លងកាត់បណ្តោះអាសន្នដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាអ្នកដំណើរ អ្នកទេសចរ ធ្វើចរាចរណ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក្នុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។

515487065 1049432954034365 4957073002092944006 N

គួរបញ្ជាក់ថា “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” សម្រេចបាន ៩៦% (គ្រោងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២៥) ស្ពាននេះមានប្រវែង ១ ៧៦១ ម៉ែត្រ ទទឹងស្ពានមានប្រវែង ១៣,៥ ម៉ែត្រ ក្នុងនោះគន្លងផ្លូវរថយន្តមាន ២គន្លង ទទឹង(៣,៥ម៉ែត្រx២) គន្លងផ្លូវទោចក្រយានមាន ២គន្លងទទឹង(១,៧៥ម៉ែត្រx២) គន្លងផ្លូវថ្មើរជើងមាន ២គន្លង ទទឹង(១ម៉ែត្រx២) និងបង្កាន់ដៃស្ពាន ទទឹង(០,៥ម៉ែត្រx២) ស្ពានមានសសរជើងស្ពានចំនួន ៣៦ និងផ្លូវនាវាចរមានទំហំ១០០មx១៥ម ស្របពេលដែលគម្រោងទាំងមូលសម្រេចបាន ៧០% នឹងគ្រោងបញ្ចប់នាខែកក្កដា ឆ្នាំ២០២៦។

ស្ពាននេះ នឹងបម្រើដល់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងរបស់កម្ពុជាឱ្យកាន់តែមានភាពប្រទាក់ក្រឡា ជាពិសេសជំរុញកំណើនដឹកជញ្ជូននៅក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍នៅតាមបណ្ដាខេត្តស្ថិតនៅភូមិភាគឦសាន បន្ថែមពីលើនេះ គម្រោងនេះនឹងជួយសម្រួលដល់ការធ្វើដំណើរផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ការធ្វើដំណើររបស់ក្មួយៗសិស្សានុសិស្សទៅសាលារៀន និងការធ្វើដំណើររបស់បងប្អូនទៅកាន់មន្ទីរពេទ្យ ជាពិសេសនៅគ្រាអាសន្ន ឬយប់ព្រលប់ដោយពុំចាំបាច់ឆ្លងស្រឡាង មិនចំណាយប្រាក់កាស និងមានសុវត្ថិភាព លើសពីនេះគម្រោងនេះ ក៏នឹងចូលរួមលើកកម្ពស់ការតភ្ជាប់អាស៊ាន និងការតភ្ជាប់មហាអនុតំបន់មេគង្គ(GMS) ការតភ្ជាប់អនុតំបន់អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ(ACMECS) និងអនុតំបន់មេគង្គឡានឆាង៕

514331725 1049433504034310 4319783589335162441 N

515494660 1049432680701059 6277096095188001226 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia