នៅឆ្នាំថ្មី២០២៣ ខាងមុខនេះ ស្ពានឆ្លងកាត់ទន្លេធំៗចំនួន ៣ កន្លែង នឹងចាប់ផ្ដើមបង្ហាញរូបរាងឡើង ដោយក្នុងនោះស្ពានចំនួន ២ កន្លែងនឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់ ហើយ ១ កន្លែងទៀតនឹងសម្រេចការសាងសង់ ១០០% ព្រមទាំងដាក់ឲ្យដំណើរការផងដែរ ស្របពេលខាងលើនេះត្រូវបានប្រជាពលរដ្ឋបានទន្ទឹងរង់ចាំវត្ដមានជាយូរមកហើយ។
១.ស្ពានឆ្លងកាត់ទន្លេសាបនៅភ្នំពេញ
នៅដើមឆ្នាំថ្មី ២០២៣ ខាងមុខនេះ ស្ពានខ្សែកាបឆ្លងកាត់ទន្លេសាបថ្មីដែលមានទីតាំងសិ្ថតនៅក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញនេះ នឹងត្រូវបញ្ចប់សាងសង់ជាស្ថាពរ ខណៈបច្ចុប្បន្នដំណើរការសាងសង់សម្រេចបានជិត៩០ហើយ។
គម្រោងស្ពានឆ្លងកាត់ទន្លេសាបថ្មីនេះ ត្រូវបានតភ្ជាប់ពីផ្លូវជាតិលេខ ៥ ខណ្ឌឫស្សីកែវ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ ៦A ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ គម្រោងស្ពានថ្មីនេះត្រូវបានវិនិយោគសាងសង់ដោយក្រុមហ៊ុន OCIC ដែលមានរចនាបទទំនើប មានសរសធំចំនួន ៤បង្គោល និងមានកំពស់រហូតដល់ ៤០ម៉ែត្រ សម្រាប់ព្យួរខ្សែកាប។
២. ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្ដក្រចេះ
គម្រោងស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គខាងលើ ត្រូវបានរាជរដ្ឋាភិបាលធ្វើការសិក្សាដើម្បីធ្វើការសាងសង់ជាយូរណាស់មកហើយ ហើយនៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ ស្ពាននេះនឹងត្រូវបើកការដ្ឋានស្ថាបនាជាផ្លូវការហើយ។
តាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន ស្ពានថ្មីនេះមានប្រវែង ១៧៦១ ម៉ែត្រ មានទទឹង ១៣.៥ម៉ែត្រ តភ្ជាប់ពីត្រើយខាងកើតត្រង់ភូមិបុស្សលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី ទៅត្រើយខាងលិចត្រង់ភូមិព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ។
៣. ស្ពានមិត្ដភាពកម្ពុជា-កូរ៉េ
ស្ពានមិត្ដភាពកម្ពុជា-កូរ៉េ ដែលតភ្ជាប់ពីផ្សារចាស់ ទៅតំបន់ជ្រោយចង្វារ និងតភ្ជាប់ពីជ្រោយចង្វារទៅតំបន់អរិយក្សត្រ ក៏នឹងត្រូវបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំថ្មី២០២៣ផងដែរ។ ហើយនាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េ ទើបតែនឹងចុះហត្ថលេខា លើប្រាក់កម្ចីដើម្បីសាងសង់ស្ពាននេះផងដែរ ដែលមានប្រមាណ ២៤៥ ដុល្លារ។
សូមជម្រាបថា ស្ពានមិត្ដភាពកម្ពុជា-កូរ៉េនេះ នឹងសាងសង់ឡើងមានជើងសសរទម្រខ្ពស់ៗ ទៅខាងលើកោងរត់រកគ្នា ដើម្បីយឹតខ្សែកាប ហើយមានលក្ខណៈពិសេសមួយ ជើងសារទម្រមានលក្ខណៈមួយរង្វើល ដែលផ្តល់ភាពងាយស្រួលឱ្យនាវាឆ្លងកាត់ចេញចូលក្រោមស្ពាន៕
អត្ថបទ៖ កឹម ប៊ុនធឿន