គម្រោងស្ពានថ្មី១ ខ្សែ នឹងបើកការដ្ឋានសាងសង់នៅដើមឆ្នាំ២០២៧
Bunthoeun KoemSEPTEMBER 8 20267 views

គម្រោងស្ពានកោះខ្សាច់ទន្លា ដែលមានទីតាំងស្ថិតនៅភូមិសាស្រ្តស្រុកស្អាង ខេត្តកណ្តាល សាងសង់ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីធនាគារវិនិយោគអឺរ៉ុប (EIB) នឹងបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំ២០២៧ ជាមុខ ខណៈបច្ចុប្បន្នក្រុមការងារ និងស្ថាប័នពាក់ព័ទ្ធកំពុងចុះសិក្សា និងពិនិត្យទីតាំងជាក់ស្ដែង។ 

 

យោងតាមការចេញផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នូ សុវត្ថិ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះពិនិត្យទីតាំងជាក់ស្ដែងនៃគម្រោងនេះ។

 

799818900 1601715184796357 7508124081397100551 N

 

បេសកកម្មនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍) តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (កម្មវិធី ASPIRE-AT) ក្រុមអ្នកជំនាញការរបស់ធនាគារវិនិយោគអឺរ៉ុប (EIB) តំណាងប្រតិភូសហគមន៍អឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) តំណាងសម្ព័ន្ធក្រុមហ៊ុន CHODAI Co., LTD (JAPAN) មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងអាជ្ញាធរពាក់ព័ន្ធ។

 

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងសិក្សា និងវាយតម្លៃស្ថានភាពទីតាំងគម្រោងជាក់ស្តែង ប្រមូលទិន្នន័យបច្ចេកទេស និងពិភាក្សាជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលបន្ថែមសម្រាប់ការសិក្សាក្នុងដំណាក់កាលសមិទ្ធិលទ្ធភាពគម្រោង ឆ្ពោះឈានទៅរកការអនុវត្តគម្រោងសាងសង់ស្ពានកោះខ្សាច់ទន្លា ឱ្យលេចឡើងជារូបរាងក្នុងពេលអនាគតដ៏ខ្លីខាងមុខ។

 

7

 

គម្រោងសាងសង់ស្ពានកោះខ្សាច់ទន្លា គ្រោងចាប់ផ្តើមអនុវត្តការសាងសង់ក្នុងឆ្នាំ២០២៧ ខាងមុខ។ ការងារសាងសង់ស្ពានកោះខ្សាច់ទន្លានេះ គ្រោងនឹងអាចសាងសង់ក្នុងប្រវែងប្រមាណ ៣៣០ម៉ែត្រ និងគ្រោងសាងសង់ផ្លូវតភ្ជាប់ពីក្បាលស្ពាន មានប្រវែងប្រមាណ ៣០៥ម៉ែត្រ។ គម្រោងនេះមានសារៈសំខាន់ក្នុងការឆ្លងកាត់ទន្លេបាសាក់ ដើម្បីតភ្ជាប់កោះខ្សាច់ទន្លា ទៅកាន់ផ្លូវជាតិលេខ២១ សំដៅលើកកម្ពស់បណ្តាញដឹកជញ្ជូន និងភស្តុភារកម្មកសិកម្ម ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា៕

 

799855793 1435641591760510 5214689879557767930 N

800051418 1136273392089931 7606592559112946727 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia