ច្បាស់ការ! នេះជាពេលវេលាដែលគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ
Bunthoeun Koem•NOVEMBER 4 2026•82 views

ស្ពានមិត្តភាពកម្ពុជា-ចិន ដែលសាងសង់ឆ្លងកាត់ទន្លេមេគង្គ ខេត្ដក្រចេះ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៧ ខាងមុខនេះ បន្ទាប់ពីបានចូលរួមសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋអស់រយៈពេលជាច្រើន​​ខែ​មក។ នេះបើតាមការគូសបញ្ជាក់ពីឯកឧត្តម វ៉ា ថន​ អភិបាលខេត្តក្រចេះ។ 

 

ស្ពានឆ្លង​ទន្លេមេគង្គ​ខេត្តក្រចេះនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់បណ្តាញដឹកជញ្ជូន ផ្ទៃក្នុងកម្ពុជា ឱ្យកាន់តែមានភាពប្រទាក់ក្រឡា ជាពិសេសជួយជំរុញការដឹកជញ្ជូនផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម និងសកម្មភាពទេសចរណ៍នៅតាមបណ្តាខេត្តនានាក្នុងភូមិភាគឦសាន ឱ្យកាន់តែមានភាពងាយស្រួល និងមានប្រសិទ្ធភាព។

 

Img 5573

 

លើសពីនេះ ស្ពាននេះក៏បានផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយជួយកាត់បន្ថយពេលវេលា និងការចំណាយក្នុងការធ្វើដំណើរឆ្លងកាត់ទន្លេមេគង្គ។ ជាពិសេស សិស្សានុសិស្សអាចធ្វើដំណើរទៅសាលារៀនបានកាន់តែងាយស្រួល ខណៈប្រជាពលរដ្ឋក៏អាចធ្វើដំណើរទៅមន្ទីរពេទ្យក្នុងករណីបន្ទាន់ ទោះបីជាពេលយប់ក៏ដោយ ដោយមិនចាំបាច់រង់ចាំឆ្លងសាឡាង និងមានសុវត្ថិភាពជាងមុន។

 

សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងផ្លូវតភ្ជាប់ បានបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី ២ ខែមករា ឆ្នាំ២០២៣ ហើយបានបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាអចិន្ត្រៃយ៍ ចាប់តាំងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ មក។ ស្ពាននេះមានប្រវែងសរុប ១ ៧៦១ ម៉ែត្រ ទទឹង ១៣,៥ ម៉ែត្រ ជួយសម្រួលការធ្វើដំណើរ រវាងស្រុកចិត្របុរី ស្ថិតនៅត្រើយខាងកើត និងស្រុកព្រែកប្រសព្វ ស្ថិតនៅត្រើយខាងលិចនៃទន្លេមេគង្គ ក្នុងខេត្តក្រចេះ៕

 

Img 5569

Img 5572

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia