កាលពីថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសអង្គភាពគ្រប់គ្រងគម្រោងស្ពានកោះខ្សាច់ទន្លា នៃក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT PMU-KTB), ក្រុមការងារទីប្រឹក្សាបច្ចេកទេសគម្រោងស្ពានកោះខ្សាច់ទន្លា (Chodai Co., Ltd & ES International Consultants Co., Ltd), ក្រុមការងារទីប្រឹក្សាផ្នែកផលប៉ះពាល់បរិស្ថាន និង សង្គម (ESIA), ក្រុមការងារនៃនាយកដ្ឋានទូទៅនៃការតាំងទីលំនៅឡើងវិញ(GDR), ក្រុមការងារនៃធនាគារវិនិយោគអឺរ៉ុប (EIB) និងក្រុមការងារទីប្រឹក្សានៃធនាគារវិនិយោគអឺរ៉ុប NTU រួមទាំងមេឃុំកោះខ្សាច់ទន្លា បានចុះត្រួតពិនិត្យទីតាំងជាក់ស្តែងចំនួន៤កន្លែង សម្រាប់ការប្រៀបធៀប និងជ្រើសរើសទីតាំងសាងសង់ស្ពានកោះខ្សាច់ទន្លា ដោយក្រុមការងារបច្ចេកទេសបានបង្ហោះដ្រូន ផ្តិតយករូបភាពនៅទីតាំងជាក់ស្តែង និងបានត្រួតពិនិត្យពីផលប៉ះពាល់ទាំងឡាយដែលអាចកើតមានចំពោះ បរិស្ថាន និង សង្គម នៃទីតាំងនីមួយៗ។

ក្រុមការងារក៏បានចុះត្រួតពិនិត្យផងដែរនូវស្ថានភាពដី និងស្ថានភាពច្រំាងទន្លាជាក់ស្តែងនៃទីតំាងនីមួយៗ ព្រមទាំងបានសាកសួរព័ត៌មានបឋមអំពីស្ថានភាពប្រជាជន និងការប្រកបរបរទទួលទាននៃប្រជាជនដែលរស់នៅលើកោះខ្សាច់ទន្លា។
គួររំលឹកដែរថា គម្រោងស្ពានខ្សាច់ទន្លានេះត្រូវបាន អង្គភាពគ្រប់គ្រងគម្រោងចុះហត្ថលេខាលើកិច្ចសន្យា ជាមួយនឹងសម្ព័ន្ធក្រុមហ៊ុន CHODAI Co., LTD (JAPAN) របស់ប្រទេសជប៉ុនដើម្បីអនុវត្ដការសាងសង់ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ។

សូមជម្រាបថា គម្រោងសាងសង់ស្ពានកោះខ្សាច់ទន្លា មានប្រវែងប្រមាណ ២៨០ម៉ែត្រ និងសាងសង់ផ្លូវតភ្ជាប់ពី ក្បាលស្ពាន ប្រវែងប្រមាណ ២៧៦ម៉ែត្រ។ គម្រោងនេះមានសារៈសំខាន់ក្នុងការឆ្លងកាត់ទន្លេបាសាក់ ដើម្បីតភ្ជាប់កោះខ្សាច់ទន្លា ទៅកាន់ផ្លូវជាតិលេខ២១ សំដៅលើកកម្ពស់បណ្តាញដឹកជញ្ជូន និងភស្តុភារកម្មកសិកម្ម ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា៕


