តាមការគ្រោងទុក ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា នឹងត្រូវតភ្ជាប់នៅចុងឆ្នាំ២០២៦នេះ ដោយផ្នែកខាងឆ្វេង(បច្ចុប្បន្ននៅសល់១០ម៉ែត្រ)គ្រោងតភ្ជាប់នៅខែតុលា ឆ្នាំ២០២៦ និងផ្នែកខាងស្តាំងត្រូវតភ្ជាប់នៅអំឡុងពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៦។ នេះបើតាមការឲ្យដឹងពីឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្ដមបានបញ្ជាក់ថា គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៨១,៤០%ហើយ គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៦ នេះ(លឿនជាងផែនការ)។
គួរបញ្ជាក់ថា ស្ពានចាក់អង្រែក្រោម-ព្រែកប្រា សម្ពោធបើកការដ្ឋាននៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
តាមប្រតិទិន ដំណើរការស្ថាបនាមិនមានភាពយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ដោយត្រៀមបញ្ចប់នៅចុងឆ្នាំ២០២៧ខាងមុខ៕


