រាជរដ្ឋាភិបាលកំពុងសិក្សាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីកោះនរា ស្ថិតក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ទៅក្រុងរណបមេគង្គឃី (Koh Norea - Mekong Quay) នៃក្រុងអរិយក្សត្រ នៃភូមិសាស្ដ្រខេត្តកណ្តាល ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋឆ្លងកាត់ទៅកាន់តំបន់ទាំងពីរនេះ។

ជាក់ស្ដែងនៅព្រឹកថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងសិក្សា និងសាងសង់ស្ពានខាងលើ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងរដ្ឋបាលរាជធានីភ្នំពេញ តំណាងរដ្ឋបាលខេត្តកណ្តាល តំណាងក្រុមហ៊ុន OCIC តំណាងក្រុមហ៊ុនធីភីម៉ូរ៉ាល់គ្រុប និងភាគីពាក់ព័ន្ធ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្នុងពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំឲ្យមានការសិក្សា និងសាងសង់ស្ពានតភ្ជាប់រវាងកោះនរា និងទីក្រុងរណបថ្មីនេះដើម្បីសម្រួលដល់ការធ្វើចរាចរ និងអភិវឌ្ឍន៍ដល់តំបន់ខាងកើតដងទន្លេមេគង្គ។

ក្នុងឱកាសនោះសម្ដេចក៏បានគូសបញ្ជាក់ថា ទៅថ្ងៃក្រោយមិនមែនមានតែការតភ្ជាប់ស្ពានមួយនេះទេ ប៉ុន្ដែគឺមានច្រើនតទៅមុខទៀត។ ជាក់ស្ដែងបច្ចុប្បន្នបានកំពុងសាងសង់ស្ពានមួយតភ្ជាប់ពីក្រវាត់ក្រុងទី៣ ទៅគម្រោងផ្លូវល្បឿនលឿនស្ថិតក្នុងតំបន់ល្វាឯម និងមួយទៀតគម្រោងតភ្ជាប់ស្ពានពីតំបន់ផ្សាររាត្រី មកកាន់តំបន់អរិយក្សត្រជាដើម៕




