រដ្ឋបាលខេត្ដរតនគិរី និងអ្នកជំនាញបរទេស នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នេះ បានចុះពិនិត្យទីតាំងសាងសង់គម្រោងព្រលានយន្ដហោះថ្មី លើផ្ទៃដីទំហំ ១ ៩០៥ ហិកតា ដែលមានទីតាំងស្ថិតនៅស្រុកលំផាត់ ខេត្ដរតនគិរី។ នេះបើយោងតាមការចេញផ្សាយដោយឯកឧត្ដម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ដរតនគិរី។

សូមរំលឹកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឯកភាពជាគោលការណ៍រួចរាល់ហើយ លើគម្រោងសាងសង់ព្រលានយន្តហោះថ្មីមួយនៅក្នុងខេត្តរតនគិរីនេះ ខណៈការសាងសង់ព្រលានថ្មីនេះដើម្បីជំរុញសក្តានុពលសេដ្ឋកិច្ច និងទេសចរណ៍នៅតំបន់ភូមិភាគឦសាន។ នេះបើតាមការគូសបញ្ជាក់របស់ ឯកឧត្ដម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ក្នុងបទសម្ភាសន៍ជាមួយ ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ស្ដីពី វឌ្ឍនភាពការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តរតនគិរី កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ។

ការសម្រេចសាងសង់ព្រលានយន្តហោះខេត្ដរតនគិរី ត្រូវបានមើលឃើញថាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទាក់ទាញវិនិយោគិន និងជំរុញកំណើនភ្ញៀវទេសចរមកកាន់តំបន់ភូមិភាគឦសាន ដែលជាតំបន់ដាច់ស្រយាលជាងគេ។ ជាពិសេស ទីតាំងដែលត្រូវបានជ្រើសរើសសម្រាប់ការសាងសង់ព្រលានយន្ដហោះថ្មីនេះ គឺជាទីតាំងយុទ្ធសាស្ត្រមួយដែលមិនត្រឹមតែបម្រើផលប្រយោជន៍ដល់ខេត្តរតនគិរីមួយប៉ុណ្ណោះទេ ប៉ុន្តែវាស្ថិតនៅចំណុចដែលអាចតភ្ជាប់ និងផ្តល់ភាពងាយស្រួលដល់ខេត្តជិតខាងចំនួន ៣ ផ្សេងទៀត រួមមាន ខេត្តស្ទឹងត្រែង មណ្ឌលគិរី និងខេត្តក្រចេះ ផងដែរ៕






