រកស៊ីគេសើចចម្អក គេបដិសេធ មេធំNetflix ច្នៃការឈឺចាប់បំប្លែងជាក្រុមហ៊ុនតម្លៃ១៥០ពាន់លាន$
ឡុង វឌ្ឍនៈAPRIL 19 2023470 views

ការចេញរកស៊ីហើយត្រូវគេសើចចម្អក ត្រូវគេគិតថាមិនអាចទៅរួច រកស៊ីកំពុងខាត ជាអ្វីដែលអ្នករកស៊ីមួយចំនួនសុទ្ធតែធ្លាប់ឆ្លងកាត់។ ប៉ុន្តែអ្វីដែលសំខាន់ តើអ្នកចេះច្នៃពាក្យមើលងាយ សើចចម្អកនោះជាកម្លាំងចិត្ត ដើម្បីខំប្រឹងរកស៊ីឱ្យកាន់តែរីកចម្រើនទៅមុខដែរឬអត់?

បើសិនជាអ្នកធ្លាប់ត្រូវគេសើចចម្អក គេបដិសេធ គេមើលងាយ សូមកុំអស់សង្ឃឹម ព្រោះសូម្បីតែក្រុមហ៊ុនទស្សនាភាពយន្តតាមអនឡាញដ៏ពេញនិយម Nexflix ក៏ធ្លាប់ត្រូវគេសើចចម្អក គេបដិសេធ ស្ទើរតែអស់សង្ឃឹមផងដែរ មុនពេលអាចបន្ដដង្ហើមអាជីវកម្មឱ្យរីកចម្រើនដល់តម្លៃ ១៥០ពាន់លានដុល្លារ។

ត្រឡប់ទៅកាន់អតីតកាលបន្តិច នៅក្នុងឆ្នាំ២០០០ ក្រុមហ៊ុន Nexflix ធ្លាប់ដាក់លក់អាជីវកម្មខ្លួនឱ្យទៅក្រុមហ៊ុន Blockbuster ដែលជាក្រុមហ៊ុនជួល DVD ដ៏ល្បីល្បាញក្នុងតម្លៃ ៥០លានដុល្លារ។ ប៉ុន្តែជាលទ្ធផលបែរជាត្រូវក្រុមហ៊ុននេះបដិសេធស្ពឹកមុខ និងសើចចម្អកមកឱ្យ ក្រុមហ៊ុន Nexflix ថាស្នើក្នុងតម្លៃខ្ពស់មិនស័ក្តិសមទៀតផង។

ជំនួសឱ្យការចុះកិច្ចព្រមព្រៀងទិញលក់ លោក Randolph ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Nexflix បានចាកចេញពីកិច្ចប្រជុំនោះដោយប្តេជ្ញាថានឹងទម្លាក់ Blockbuster ចេញពីតំណែងរបស់ខ្លួនឱ្យបាន។

ក្រឡែកមកមើលយុទ្ធសាស្ត្របន្ទាប់របស់ក្រុមហ៊ុន Nexflix បានចាប់ផ្ដើមទាក់ទាញអតិថិជនរបស់ក្រុមហ៊ុន Blockbuster តាមរយៈបញ្ហាចន្លោះប្រហោងធំមួយគឺ​ អតិថិជន Blockbuster មានភាពធុញទ្រាន់ជាមួយនឹងការពិន័យជាទឹកប្រាក់ ១ដុល្លារ រាល់ពេលយក DVD មកសងត្រឡប់វិញយឺត។

ដោយឃើញបញ្ហាបែបនេះក្រុមហ៊ុន Netflix ដែលរកស៊ីវិស័យដូចគ្នានាសម័យនោះបានផ្តល់ការជួលឌីវីឌីតាមអនឡាញក្នុងតម្លៃថេរ និងមិនគិតថ្លៃសេវាយឺតនោះទេ។ ការចាប់ផ្ដើមយុទ្ធសាស្ត្រមួយនេះ បានធ្វើឱ្យអតិថិជនរបស់ក្រុមហ៊ុនគូប្រជែងចាប់ផ្ដើមណាយចិត្តបន្តិចម្ដងៗ ហើយងាកមកប្រើប្រាស់សេវាកម្ម Netflix ជាបន្តបន្ទាប់។ ជាលទ្ធផលក្រុមហ៊ុន Netflix បានមានអ្នកជាវបង់ប្រាក់ (subscribers) សរុបចំនួន១ លាននាក់ក្នុងរយៈពេល ៣ឆ្នាំក្រោយការបដិសេធដោយ Blockbuster និងឡើងដល់៦ លាននាក់នៅចុងឆ្នាំ២០០៦ និងបន្តរីកចម្រើនជាបន្តបន្ទាប់រហូតអាចសម្លាប់គូប្រជែង Blockbuster ឱ្យប្រកាសក្ស័យធនក្នុងបំណុលប្រហែល ១ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១០។

មេរៀនដែលអ្នកអានរៀនបានគឺ ចង់រីកចម្រើនក្នុងវិស័យដែលអ្នករកស៊ី ត្រូវស្គាល់ឱ្យច្បាស់ពីចំណុចខ្សោយរបស់គូប្រជែង ហើយបំពេញវាឱ្យល្អបំផុតដើម្បីអាចឈ្នះបេះដូងអតិថិជន។ សូមកុំបដិសេធឱកាសនានាលឿនខ្លាំងពេក គួរចេះថ្លឹងថ្លែងគុណសម្បត្តិ គុណវិបត្តិ និងទំនោរអនាគតឱ្យបានវែងឆ្ងាយ។ បើសិនជាអាជីវកម្មអ្នកចង់រីកចម្រើនលឿន និងរស់បានយូរអង្វែងគួរតែចេះ ផ្សារភ្ជាប់អាជីវកម្មអ្នកជាមួយបច្ចេកវិទ្យាឱ្យច្រើន ព្រោះបច្ចេកវិទ្យារីកចម្រើនទៅមុខជានិច្ចគ្មានថ្ងៃត្រឡប់ឡើយ៕ រៀនគំនិតរកស៊ីទីនេះ ( https://t.me/LongVathanakOfficial )    

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia